ដំណឹងល្អៈក្រុមហ៊ុនចិនធំៗចំនួន៨ចាប់អារម្មណ៍វិនិយោគក្នុងខេត្តព្រះសីហនុ

0

ដោយវុត្ថា
ខេត្តព្រះសីហនុ: ក្រុមហ៊ុនចិនធំៗចំនួន៨ទៀត បានកំពុងសិក្សានិងបង្ហាញបំណងវិនិយោគនៅខេត្តព្រះសីហនុ ដែលជាខេត្តមានការរីកចម្រើន និងមានសក្តានុពលសេដ្ឋកិច្ចមួយនេះ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុកាលពីចុងសប្តាហ៍មុន លោក LUO ZHUOWEI នាយករងមជ្ឈមណ្ឌលជំរុញការវិនិយោគ នៃសាធារណរដ្ឋប្រជាមានិតចិនឲ្យដឹងថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការ គ្រប់​គ្រង ទឹកស្អាត កាកសំណល់ សំរាម ទឹកកខ្វក់ និងសន្តិសុខ។ ហើយក្រុមហ៊ុនចង់មកធ្វើការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាខេត្តមួយស្ថិតក្នុងចំណោមតំបន់ នៃគោលនយោបាយផ្លូវមួយ ខ្សែក្រវាត់មួយរបស់ប្រធានាធិបតីចិន។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ក្រុមហ៊ុនទាំង៨នេះ ដែលមានគោលបំណងចង់ មកវិនិយោគនៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តព្រះសីហនុ កំពុងត្រូវបានអភិវឌ្ឍន៍យ៉ាងគំហុក។ ម្យ៉ាងទៀតការអភិវឌ្ឍរមែងមានផលប៉ះពាល់ផ្នែកបរិស្ថាន អនាម័យមួយចំនួនផងដែរ ហេតុនេះក្រុមហ៊ុនត្រូវគោរពតាមគោលការណ៍ច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។

លោកបន្តថា ក្នុងរយៈពេល២ឆ្នាំនេះ មានក្រុមហ៊ុនបរទេសជាច្រើនបានមកធ្វើវិនិយោគនៅខេត្តព្រះសីហនុ ទន្ទឹមនោះក៏មានក្រុមហ៊ុនមួយចំនួនបាននឹងកំពុងសិក្សាស្វែងយល់លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ លូ បរិស្ថានជាដើម ក្នុងចំណោមក្រុមហ៊ុនទាំងនោះភាគច្រើន គឺមកពីប្រទេសចិន”។

លោកយន្ត មីនបានបន្តថា រដ្ឋបាលខេត្តនឹងស្វាគមន៍គ្រប់ក្រុមហ៊ុនទាំងអស់ ដែលមានគោលបំណងមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ មិនថាការវិនិយោគ លើអគារពា​ណិជ្ជកម្ម សណ្ឋាគារ ខុនដូ រោងចក្រ សហគ្រាស ឬហេដ្ឋារចនាសម្ព័ន្ធ នានាក្នុងខេត្ត រដ្ឋបាលខេត្តនឹងទទួលស្វាគមន៍ និងជួយសម្របសម្រួល ដើម្បីឱ្យដំណើរការវិនិយោគនៅខេត្តនេះប្រព្រឹត្តទៅដោយរលូន និងមានសន្ទុះកើនឡើង ចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈការវិនិយោគ ទាំងនេះ ធ្វើឱ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងលឿនស្ទើរមិននឹកស្មានដល់ ធ្វើឱ្យអ្វីៗមានការប្រែប្រួលនាពេលបច្ចុប្បន្ន និងទៅអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here