រដ្ឋាភិបាលជំរុញលើកទឹកចិត្តឲ្យមានការវិនិយោគពីអ្នកធុរកិច្ចក្នុងស្រុកកាន់តែច្រើន

0

​ដោយស៊ីវ ម៉េង
​ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា រដ្ឋាភិបាលមានផែការជំរុញឲ្យមានការវិនិយោគ ពីអ្នកធុរកិច្ចក្នុងស្រុកឲ្យបានកាន់តែច្រើន ព្រោះការវិនិ​យោ​គនៅកម្ពុជាបច្ចុប្បន្នភាគច្រើនជាអ្នកវិនិយោគបរទេស។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានថ្លែងក្នុងវេទិកា សាធារណៈស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិការឆ្នាំ២០១៩ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨កន្លងមកថា នៅក្នុងនីតិកាលទី៦នេះ រាជរដ្ឋា​ភិបាលនឹងបង្កើនការគ្រប់​គ្រងលើវិស័យសេដ្ឋកិច្ចឲ្យកាន់តែមានតម្លាភាព ហើយទោះជាកម្ពុជាមានតែកំលាំ​ងពលកម្មបម្រើក្នុងវិស័យការងារ គឺមិនគ្រប់គ្រាន់ឆ្លើយតបនឹងការរីកចម្រើននោះ​ឡើយ ដូច្នេះយើងត្រូវជម្រុញការលើកទឹកចិត្ត ឲ្យមានអ្នកវិនិយោគទុនក្នុងស្រុក ចូលរួមវិនិយោគកាន់​តែច្រើន ព្រោះបច្ចុប្បន្នការវិនិយោគក្នុងស្រុកភាគច្រើនជាជនបរទេស។

លោកបន្តថា “ក្នុងរយៈពេល៥ឆ្នាំក្នុងអណត្តិនេះ រាជរដ្ឋាភិបាលនឹងជម្រុញបង្កើ​នអ្នកវិនិយោគជាជនជាតិខ្មែរ នៅក្នុងស្រុកឲ្យកាន់តែច្រើន”។លោកបន្តថា “រដ្ឋាភិបាលបា​នត្រៀមនូវកញ្ចប់ថវិកាជាច្រើន ដើម្បីគាំទ្រវិស័យឯកជន ព្រោះបើសិនយើងត្រូវរៀបចំគោ​ល​នយោបាយបានត្រឹមត្រូវ នឹងមានផែនការច្បាស់លាស់”។

លោកវង្សី វិស្សុតបានបន្តថា ស្របពេលដែលបដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបានដំណើរការ ដូច្នេះនៅក្នុងរយៈពេល១០ឆ្នាំនេះ រាជរដ្ឋាភិបាលមានផែន​ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ចរយៈពេល១៥ឆ្នាំ ដែលបច្ចុប្បន្នបានកំពុ​ង​រៀបចំតាក់តែងឡើងនេះ ដោយបានអនុវត្តន៍តាមគោលនយោបាយបានត្រឹមត្រូវ សេដ្ឋកិច្ចកម្ពុជានឹងដើរលឿនទៅមុខជាមិនខាន។

លោកបន្តថា ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើវិស័យអទិភាពចំនួន៤ មនុស្ស ផ្លូវ ភ្លើង និងទឹក រួមជាមួយកិច្ចការមួយចំនួន ដែលឆ្លើយតបនឹងតម្រូវការចាំបាច់របស់កម្ពុជា នៅក្នុងដំណាក់កាលថ្មី ក្នុងក្របខណ្ឌថវិការឆ្នាំ២០១៩ ត្រូវបានរៀបចំដើម្បីឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល គឺការឈរលើក្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច រួមជាមួយគោលការណ៍ពង្រីកការគ្រប់គ្រង់ថវិការផងដែរ។


ក្នុងជំនួបជាមួយអ្នកសារព៌តមាន សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាកាលពីថ្ងៃទី១១ មករាកន្លងមកនេះ​បានប្រកាសដាក់ចេញនូវយុទ្ឋនាការ ពង្រឹងឯករាជ្យភាពរបស់កម្ពុជា តាមរយៈការកែទម្រ​ង់លើវិស័យសំខាន់ៗជាច្រើន ពិសេសសម្តេចបានជំរុញលើការបង្កើនមិត្ត ជាមួយ​បណ្តាប្រទេសនានានៅលើពិភពលោក។ ​សម្តេចបន្តថា ជាមួយគ្នានេះសម្តេចបានចុះហត្ថលេខា ដើម្បីដកចេញមន្រ្តីពីព្រំដែនទាំងអស់ ដោយទុកតែមន្រ្តីគយ និងអន្តោប្រវេសន៍ប៉ុណ្ណោះ ដើម្បីកាត់បន្ថយតម្លៃនៃការនាំចេញ និងជួយជំរុ​ញលើកកំពស់ការធ្វើធុរកិច្ច ធ្វើ​យ៉ាងណាឲ្យអ្នកធុរកិច្ចក្នុងស្រុកចំណេញច្រើន។

សម្តេចបន្តថា “ការដាក់មន្រ្តីច្រើននៅតាមព្រំដែន មិនមែនជាដំណោះស្រាយទេ តែវាធ្វើឲ្យមានការបង្កើនការចំណាយក្នុងការនាំចេញ នាំចូល”។សម្តេចបន្តថា “សេដ្ឋកិច្ចកម្ពុជាមិនអាចពឹងលើវិស័យតែមួយទេ យើងមានវិស័យច្រើនដើម្បីទ្រទ្រង់កំនើនសេដ្ឋកិច្ចរបស់យើង យើងមិនអាចឲ្យគេខ្ទប់រន្ឋច្រមុះមួយហើយ យើងស្លាប់នោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here