ដោយៈ គង់ សូរិយា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងវិនិយោគចំនួន៥ ដែលមានទុនវិនិយោគ១០៣,៣លានដុល្លារអាមេរិក។
យោងតាមសេចក្តីប្រកាសលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី១៧ មេសានេះបានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម
ទី១ ក្រុមហ៊ុន- “EASTERN RUBBER (CAMBODIA) CO., LTD” គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមគោពូជ និងគោសាច់ខ្នាតធំដែលមានទីតាំងវិនិយោគស្ថិតស្រុកស្នួល ខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ៧៣,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧៩កន្លែង។
ទី២-ក្រុមហ៊ុន “RITHY RUBBER (CAMBODIA) CO., LTD” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដើមកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃបឹងពែរ នៅឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទុនវិនិយោគប្រមាណ ១២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១៥៨កន្លែង។
ទី៣-ក្រុមហ៊ុន “GE NEW ENERGY TECHNOLOGY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតានួន សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២០៥កន្លែង។
ទី៤-ក្រុមហ៊ុន “JINGMAOGUOJI (CAMBODIA) GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៧៥កន្លែង។ឮ
ទី៥-ក្រុមហ៊ុន “EBELNO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផ្គុំដំឡើង សម្ភារៈអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគ ប្រមាណ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៥១កន្លែង៕