ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការស្ទង់មតិនាពេលថ្មីៗនេះរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE លើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់តំបន់អាស៊ីបានបង្ហាញថា ប្រទេសជប៉ុនបានគ្របដណ្តប់ចំណែក៣៦ភាគរយនៃបរិមាណប្រតិបត្តិការសរុបទាំងអស់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។
ជាមួយគ្នានេះ ប្រទេសជប៉ុនជាជម្រើសកំពូលសម្រាប់អ្នកវិនិយោគបរទេស ដែលមានវិនិយោគិនបរទេសចំនួន៨៦ភាគរយបានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទីផ្សារអចលនទ្រព្យជប៉ុន។នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។
ស្របពេលសហរដ្ឋអាមេរិកបច្ចុប្បន្នមិនសូវមានស្ថិរភាព ស្ថិរភាពនយោបាយរបស់ប្រទេសជប៉ុន គោលនយោបាយច្បាស់លាស់ និងទីផ្សារអចលនទ្រព្យដ៏រឹងមាំបានធ្វើឱ្យប្រទេសជប៉ុនអាចទាក់ទាញបណ្តាអ្នកវិនិយោគបរទេសបានកាន់តែច្រើន។
អត្រាការប្រាក់ទាប ការធ្លាក់ថ្លៃចុះរបស់ប្រាក់យ៉េន ការងើបឡើងវិញនូវអត្រាអតិផរណាបន្ទាប់ពីស្ថិតនៅទ្រឹងជាច្រើនទសវត្សរ៍ និងកត្តាទីតាំងភូមិសាស្ត្របានបង្កើនភាពទាក់ទាញរបស់ជប៉ុនក្នុងចំណោមវិនិយោគិន។
ប្រទេសជប៉ុនអនុញ្ញាតឱ្យជនបរទេសអាចទិញអចលនទ្រព្យ,ដោយគ្មានការរឹតបន្តឹង។ ស្របពេលតម្លៃអចលនទ្រព្យ និងតម្លៃជួលលំនៅដ្ឋាននៅទីក្រុងតូក្យូបានហក់ឡើងដល់កម្រិតខ្ពស់បំផុត ការទិញដោយជនបរទេសកំពុងទាក់ទាញការចាប់អារម្មណ៍។
យោងតាមការស្ទង់មតិកាលពីខែមីនាដោយក្រុមហ៊ុន Mitsubishi UFJ Trust and Banking បានរកឃើញថា ជនបរទេសគ្របដណ្តប់ចំណែកចន្លោះពី២០ភាគរយទៅ៤០ភាគរយ នៃការទិញអាផាតមុិនថ្មីសរុបនៅកណ្តាលទីក្រុងតូក្យូកាលពីឆ្នាំមុន៕