គំរោងអភិវឌ្ឈន៍មួយដែលផ្តោតលើចក្ខុវិស័យ

0

ដោយៈ ជេស៊ីកា

        ព្រៃវែងៈ ធ្វើដំណើរពីស្ពានព្រែកតាមាក់ យើងបានជជែកគ្នាបណ្តើរៗជាមួយអ្នករួមដំណើរ ឆ្លងកាត់ទីប្រជុំជនមួយចំនួន ហើយមួយម៉ោងក្រោយមក យើងបានទៅដល់ទីរួមស្រុកធំមួយ ស្ថិតនៅក្នុងខេត្តព្រៃវែង។

ជាទីប្រជុំជននៃស្រុកស្វាយអន្ទរ ដែលកំពុងអភិ​វឌ្ឍន៍យ៉ាងលឿនក្រោមម្លប់សន្តិភាព អ្នកអភិ​វឌ្ឍន៍ក្រុងស្រុកមួយចំនួនបាននិងកំពុងសម្លឹងទៅកាន់តំបន់នេះ ជាមួយនឹងបច្ចុប្បន្នភាព ផ្សារភ្ជាប់ជាមួយចក្ខុវិស័យអនាគត។

មង្គលវីឡា ព្រៃវែងបុរីបាននិងកំពុងបង្កើតឡើង ជាមួយអ្នកអភិ​វឌ្ឍន៍ពោរពេញដោយភាពច្នៃប្រឌិត ការបង្កើតថ្មីឬនវានុវត្តន៍ ដោ​យប្រែក្លាយផ្ទៃវាលស្រែ ដែលខៀវស្រងាត់នារដូវវស្សា និងព៌ណលឿងទុំនារដូវប្រាំង ទៅជាសហគមន៍ស៊ីវិល័យមួយ ដែលសាធារណៈជនអាចជិះកាយ៉ាក់ អង្គុយគយគន់ទេសភាពថ្ងៃរះ និងថ្ងៃលិចលើខ្ទូសសាងសង់ឡើងប្របមាត់បឹងសម្បនិម្មិត។

default

ជាមួយនឹងទស្សនវិស័យចំពោះមុខ ក្នុងការបង្កើតកូនទីក្រុងមួយនៅតំបន់ប្រជុំជន ដែលពីមុនមានសភាពស្ងប់ស្ងាត់ ទៅជាតំបន់មួយ ដែលមិ​នត្រឹមតែអាចលំហែរកាយនោះទេ តែជាទីកន្លែងដែលប្រជាពលរដ្ឋ អាចរស់នៅ​ប្រកបដោយផាសុខភាព ​និងអាចបង្កើតបានចំណូលផងដែរ។

ជាអ្នកសិក្សាពីផែនការអភិវឌ្ឍន៍ទីក្រុង ពីវិទ្យាស្ថានដ៏ល្បីនៅប្រទេសថៃ លោកឌិន សុមេធារិទ្ឋបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា យើងមានចក្ខុវិស័យអភិវឌ្ឍន៍ទីនេះ ជាទីក្រុងមួយនាពេលអនាគត តាមរយៈការសាងសង់ផ្ទះអាជីវកម្ម ផ្សារសហគមន៍​ ផ្សារពាក់កណ្តាលទំនើប រមណីយដ្ឋាន សួនទឹកកំសាន្តទំហំ១០ហិកតា សាលារៀន និងសហគមន៍អាជីវកម្ម ពោរពេញដោយភាពរសរវើក។

លោកបន្តថា “យើងមានមហិច្ឆតាចូលរួមជាមួយរដ្ឋាភិបាល ក្នុងការអភិ​វឌ្ឍន៍មូលដ្ឋាន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដើម្បីកសាងសង្គមមួយពោរពេញដោយភាពមនោរម្យ”។លោកបន្តថា “យើ​ង​ចង់ផ្សារភ្ជាប់តំបន់ជនបទ កាន់តែកៀកនឹងទីក្រុង កសាងសហគមន៍ជនបទ ក្លាយជាទីក្រុង ខណៈប្រជាជននៅតំបន់នេះ កាន់តែរីកចម្រើនលើជីវភាព ស្របនឹងការកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រដ្ឋាភិបាលកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

លោកឌិន សុមេធារិទ្ឋដែលជាប្រធានសមាគមសណ្ឋាគារ និងបដិសណ្ឋារកិច្ច បានមានប្រសាសន៍ឲ្យដឹងផងដែរថា ជាមួយទស្សនទាននៃការអភិវឌ្ឍន៍ចម្រុះ ការផ្សារភ្ជាប់ធម្មជាតិ និងជីវិតកាន់តែមានសារៈសំខាន់ឡើង ក្នុងការរស់នៅ​និងលើកកំពស់សេដ្ឋកិច្ចបៃតង។ លោកបន្តថា “ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ ទើបយើងបាននិងកំពុងចំណាយធនធានយ៉ាងច្រើន កសាងទីក្រុងតូចមួយនៅតំបន់នេះ ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅ ក្នុងសហគមន៍មួយ មិនចាញ់ទីក្រុងភ្នំពេញឡើយ”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here