ដោយ យិន លាងគង់ អគ្គនាយកនៃគេហទំព័រ Propertyarea.asia
ភ្នំពេញ៖ ក្រោយទទួលបានសន្តិភាព២០ឆ្នាំ សេដ្ឋកិច្ច និងកិត្យានុភាពកម្ពុជាបានលេចត្រដែតលើឆាកអន្តរជាតិ ប៉ុន្តែវាត្រូវបានគេប៉ុនប៉ងក្តិចត្រួយ ដើម្បីធ្វើឲ្យប្រជាជាតិនេះធ្លាក់ក្នុងឳនភាពជាថ្មី ដោយសារមនោគមវិជ្ជានយោបាយដ៏អសោចមួយ។
ការងើបឡើងនៃសេដ្ឋកិច្ចរបស់ប្រទេសនេះ ការបង្ហាញស្នាមញញឹមជាថ្មីរបស់ប្រជាជាតិនេះ នឹងរងការស្លោកស្រពោនជាថ្មីដែរឬទេ? ខណៈសេដ្ឋកិច្ចកម្ពុជាបាននិងកំពុងឈរលើមូលដ្ឋានរ៉ឹងមាំជាងមុន ដោយឈរ លើសរសរស្តម្ភចំនួន៤ គឺវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើង វិស័យសំណង់និងអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យកសិកម្ម ប៉ុន្តែក្នុងចំណោមវិស័យទាំង៤ នោះមានវិស័យមួយត្រូវរងការគំរាមកំហែង។
ការគំរាមកំហែង
ការងាកទៅរមកមហាអំណាចណាម្នាក់ ដើម្បីការពារខ្លួន មិនមែនជាកំហុសរបស់មេដឹកនាំកម្ពុជាទេ វាប្រៀបបីដូចជាកុមារម្នាក់ដែលត្រូវបានឳពុកគំរាម ហើយគេរត់រកម្តាយ ដើម្បីជាខ្នងបង្អែកដែរ។ ការដកប្រព័ន្ឋអនុគ្រោះពន្ឋពីអង្ករកម្ពុជា ជាសញ្ញាគំរាមតូចមួយប៉ុណ្ណោះសំរាប់សេដ្ឋកិច្ចកម្ពុជា វាដូចជាការចាក់អំបិលមួយបាវចូលក្នុងទន្លេមួយ ប៉ុន្តែប្រសិនជាមានការដកប្រព័ន្ឋអនុគ្រោះពន្ឋចេញពីវិស័យកាត់ដេរ ស្បែកជើងរបស់អឺរ៉ុប វាអាចកាដូប្រៀប ដូចជាបាយខ្លោចមួយឆ្នាំងសំរាប់កម្ពុជា ប៉ុន្តែវាមិនបានធ្វើឲ្យអ្នករង់ចាំទទួលទានដាច់ពោះទេ ព្រោះអ្នកទទួលទានអាចដាំឆ្នាំងថ្មីបាន ប៉ុន្តែឆ្នាំងថ្មីក្រាស់ឬស្តើង ដើម្បីកុំឲ្យបាយខ្លោចជាថ្មី អាស្រ័យលើជំនាញរបស់អ្នកដាំ។
ហេតុនេះសេដ្ឋកិច្ចកម្ពុជានឹងរងរលកបែបណា និងរដ្ឋាភិបាលអាចទប់ស្កាត់រលកបានឬយ៉ាងណា និងជំរុញឲ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ កើនឡើងដ៏ប្រសើរថែមទៀតឬយ៉ាងណា? បានឬមិនបានប្រាកដជាបាន ព្រោះវិស័យស្នូលធំៗចំនួន៣នៅតែរ៉ឹងមាំនៅឡើយ ហើយវិស័យមួយទៀតនឹងលេចឡើង ដើម្បីចូលរួមជាកំលាំងចលករជំរុញកំនើនសេដ្ឋកិច្ចប្រទេសនេះឲ្យបន្តរីកចម្រើនបន្ថែមទៀត។
ក្រុមអ្នកនយោបាយដ៏ឆើតឆាយ
ការប្រកាន់យករបបនយោបាយបែបប្រជាធិបតេយ្យនិយម ត្រូវបានរដ្ឋាភិបាលបាននិងកំពុងអនុវត្តន៍ ក្នុងបរិបទនៃសេដ្ឋកិច្ច សង្គម និងវប្បធ៌មរបស់កម្ពុជា ព្រោះគេមិនអាចបង្ខំឲ្យសេះផឹកទឹកបានឡើយ ហើយគេក៏មិនអាចបង្ខំឲ្យមេគោទៅបង្កាត់ពូជជាមួយសត្វលាបានដែរ។ ប៉ុន្តែដោយសាររងឥទ្ឋិពលមនោគមវិជ្ជាបែបបញ្ចឹមប្រទេស ការប្រកាន់យកនយោបាយសងសឹកនិយម ក្រុមអ្នកនយោបាយមួយក្រុមដែលបាននិរទេសខ្លួនឯង បានដើរបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិឲ្យដាក់ទ័ណ្ឌកម្មដល់កម្ពុជា ជំរុញឲ្យសហគមន៍អន្តរជាតិឈប់ផ្តល់ជំនួយដល់កម្ពុជា ជំរុញឲ្យអន្តរជាតិឈប់បញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា និងជំរុញឲ្យគេដកប្រព័ន្ឋ EBA ពីកម្ពុជាជាដើម។
ការដើរធ្វើវិទង្សនានៅលើឆាកអន្តរជាតិបែបនេះ ជារឿងគួរឲ្យខ្មាស់អៀនមួយរបស់ក្រុមមេដឹកនាំបក្សប្រឆាំង ដែលតែងតែមានចេតនាសម្លាប់ជាតិ ជាជាងចូលរួមស្ថាបនាជាតិ ហើយពួកគេហាក់មិនយល់អ្វីហៅថា វិទ្យាសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ ឬពួកគេយល់តែនៅតែធ្វើមិនយល់?។ ពួកគេគួរមើលមេដឹកនាំប្រទេសថៃ ដែលបានរងការធ្វើរដ្ឋប្រហារជាបន្តបន្ទាប់រាប់ចាប់តាំងពីនាយករដ្ឋមន្រ្តីថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកបន្តតំណែងជានាយករដ្ឋមន្រ្តីនៃបក្សភឿថៃជាច្រើនរូបទៀត មិនដែលដើរបំផ្លាញមុខមាត់ កេរ្ត៍ឈ្មោះ និងបំផ្លិចបំផ្លាញប្រជាជាតិឯងបែបនេះឡើយ។
ការរំលាយបក្សប្រឆាំង ដោយតុលាការកំពូលកម្ពុជា ដែលមានការប្រកាសថ្កោលទោសពីអន្តរជាតិ ជារឿងគួរឲ្យឈឺក្បាលមួយសំរាប់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែបើ រក្សាទុកបក្សនេះ នឹងធ្វើឲ្យកម្ពុជាចលាចល ឈានទៅកាន់កលយុគ និងសោកនាដកម្មជាថ្មី តើគួរជ្រើសមួយណា? ហេតុនេះសំណួរដែលមេដឹកនាំអឺរ៉ុប និងអាមេរិកគួរឆ្លើយ គឺតើវាពិតជារឿងដែលអន្តរជាតិ ថ្នាក់ដឹកនាំអឺរ៉ុបសប្បាយចិត្តនឹងឃើញកម្ពុជា ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាមបន្តទៀតឬយ៉ាងណា?។ អ្នកវិភាគនយោបាយអន្តរជាតិដ៏ល្បីល្បាញ នៃវិទ្យាបារាំង RFI លោក ហ្សង់ ហ្រ្វង់ស្វ័រតាន់ បានមានប្រសាសន៍ថា “អ្នកនយោបាយខ្មែរមួយចំនួន ដែលទទួលឥទ្ឋិពលពីលោកខាងលិច ជាអ្នកនយោបាយស៊ីជោ ជាមួយនឹងពាក្យលទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋមនុស្ស ខណៈកម្ពុជាត្រូវការដៃគូទាំងអស់ ដើម្បីអភិវឌ្ឍនិងស្តារប្រទេសជាតិរបស់ខ្លួន”។
មនោគមវិជ្ជានយោបាយ
ការដកប្រព័ន្ឋ EBA ពីកម្ពុជា មិនមែនជារឿងរបស់កម្ពុជាបង្កឡើងដោយខ្លួនឯងតែម្នាក់ឯងនោះទេ តែវាជាឥទ្ឋិពលនៃមនោគមវិជ្ជានយោបាយរបស់លោកខាងលិច និងសហរដ្ឋអាមេរិក ដែលបាននិងកំពុងចង់បន្សាបឥទ្ឋិពលចិននៅកម្ពុជា និយាយដោយឡែក និងបន្សាបឥទ្ឋិពលចិននៅលើពិភពលោក។
ការងាកទៅរកចិនកាន់តែជិតស្និទ្ឋ មិនមែនជាកំហុសរបស់មេដឹកនាំកម្ពុជា និងមិនមែនជាកំហុសរបស់ប្រជាជាតិកម្ពុជានោះទេ ព្រោះទី១ សហរដ្ឋអាមេរិក មិនដែលចាត់ទុកកម្ពុជាជាសម្ព័ន្ឋមិត្ត និងជាមិត្តដែលអាចទុកចិត្តបានឡើយ ទី២ អឺរ៉ុបមិនដែលចាត់ទុកកម្ពុជាជាសម្ព័ន្ឋមិត្តឡើយ ដោយសារសហគមន៍របស់ខ្លួន ដែលមានសមាជិក ២៨ប្រទេស ជាកូនចុងរបស់អាមេរិក និងជាបញ្ញើរក្អែកមួយ ទី៣ កម្ពុជាមិនបានផ្តល់ផលប្រយោជន៍ជាដុំកំភួនដល់អាមេរិក និងសហគមន៍អឺរ៉ុបឡើយ និងទី៤ ផ្ទុយទៅវិញ ចិនបានចាត់ទុកកម្ពុជាជាសម្ព័ន្ឋមិត្ត ជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយតាំងពីឆ្នាំ២០១២ ហើយចិនជាមិត្តដែលអាចទុកចិត្តបាន ហើយកម្ពុជាក៏ជាមិត្តដែកថែបរបស់មេដឹកនាំចិន។
គ្រាន់តែរំលឹកប្រវត្តិសាស្រ្ត ដែលទើបកើតឡើងកាលពីទសវត្សរ៍ឆ្នាំ១៩៧០ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរីមតៈបានសម្តែងការខកចិត្ត និងវិប្បដិសារីរួចទៅហើយ ដែលមេដឹកនាំអាមេរិកបានបោះបង់ចោលកម្ពុជា ក្នុងកំឡុងពេលដែលកម្ពុជាកំពុងជួបកលយុគ។
ហេតុនេះការដកប្រព័ន្ឋអនុគ្រោះពន្ឋពីកម្ពុជា វាមិនត្រឹមតែជារឿងដែលប្តឹងពីប្រទេសអ៊ីតាលី និងអេស្បាញប៉ុណ្ណោះទេ តែវាជាចរិកឈ្នានីសមួយរបស់ពួកលោកខាងលិច ដែលមានចេតនាធ្វើបាបកម្ពុជា និងបន្សាបឥទ្ឋិពលចិននៅក្នុងតំបន់។ ចរិកបែបនេះមិនគួរកើតមានក្នុងសន្តានចិត្ត ក្រុមមនុស្សដែលតាំងខ្លួនឯងជាពួកអរិយជននោះទេ។
ជម្រើស និងការជ្រើសរើស
មនោគមវិជ្ជាអញនិយម និងគោលនយោបាយគាំពារនិយម កាន់តែមានឥទ្ឋិពលលើបណ្តាប្រទេសលោកខាងលិច ពិសេសរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើននៅក្នុងសហគមន៍អឺរ៉ុប។ ការប្រកាន់យកនយោបាយអញនិយមបែបនេះ ជាបណ្តើរៗបាននិងកំពុងធ្វើឲ្យបណ្តាប្រទេសនានា នៅអឺរ៉ុបចាប់ផ្តើមធ្លាក់ក្នុងឱនភាព។ ហេតុនេះហើយបានជាប្រជាជាតិទាំងឡាយទាំងនៅអាស៊ី អឺរ៉ុបបាននាំគ្នាបំភ្លេចអតីតកាល ភ្លេចនូវមរតកឈឺចាប់ ហើយចាប់យកផលប្រយោជន៍ធំជាងអ្វីៗទាំងអស់។
ដោយសារអាមេរិក មិនដែលជ្រើសរើសយកកម្ពុជាជាសម្ព័ន្ឋមិត្ត ហើយចាត់ទុកប្រទេសកម្ពុជាដ៏អភ័ព្វនេះ សម្រាប់សៃវៀនសាកល្បងមនោគមវិជ្ជានិយោបាយ ទើបកម្ពុជាបានងាកទៅកាន់ប្រទេសចិន និងចងសម្ព័ន្ឋមិត្តជាមួយចិនក្នុងនាមជាបងប្អូន ជាមិត្តស្លាប់រស់ ហើយជាការឆ្លើយតបចិនបាន និងកំពុងផ្តល់វិបុលភាពមួយដល់កម្ពុជា ដោយបង្ហូរទុកវិនិយោគជាង ២១ពាន់លានដុល្លារ គិតពីដើមទសវត្សរ៍ទី៩០ រហូតមកដល់ឆ្នាំ២០០៨កន្លងមកនេះ។
ប័រ និងតៅហ៊ូ
មួយទសវត្សរ៍ចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា ចិនបានវិវត្តន៍ដល់ដំណាក់កាលថ្មីមួយ ដែលបានផ្តល់ផលប្រយោជន៍ទៅវិញទៅមក បន្ទាប់ពីវាត្រូវបានពូនជ្រុំដោយអតីតសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ និងសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប៉ុន្តែទំនាក់ទំនងរវាងកម្ពុជា អាមេរិក និងអឺរ៉ុប ហាក់មានភាពរង្គោះរង្គើរជាញឹកញាប់។
ទំនាក់ទំនងកម្ពុជា ចិនបានធ្វើឲ្យប្រទេសជាច្រើនស្រលាំងកាំង និងច្រណែន។ ស្រឡាំងកាំងត្រង់ថា កម្ពុជាដែលគេប្រៀបប្រដូចជាសេះចិនមួយ បានរត់លឿនលើសអ្វីជាការរំពឹងទុក។ ចំណែកបណ្តាប្រទេសច្រណែនកម្ពុជា គឺដោយសារប្រទេសនេះដែលធ្លាប់ត្រូវបានគេគាបសង្កត់ និងហ៊ុំព័ទ្ឋសេដ្ឋកិច្ច បែរជាអាចលេចឡើងលើឆាកអន្តរជាតិមួយ ក្នុងនាមជាប្រទេស ដែលមានកំនើនសេដ្ឋកិច្ច រីកលូតលាស់លឿនជាងគេលំដាប់ទី៦លើពិភពលោក។
ការចាប់ដៃជាមួយចិនដើរឆ្ពោះទៅមុខ បានធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់យ៉ាងសម្បើម។ ជាក់ស្តែងទំហំទុនវិនិយោគគិតចាប់តាំងពីដើមទសវត្សរ៍ទី៩០ មកដល់ដំណាច់ឆ្នាំ២០១៨កន្លងមកនេះ មានទំហំទឹកប្រាក់ប្រមាណ ២៣ពាន់លានដុល្លារអាមេរិក ដែលចំនួននេះ មិនទាន់រាប់បញ្ចូលនូវជំនួយឥតសំណងរបស់ចិនដល់កម្ពុជានៅឡើយ ពិសេសក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិនចន្លោះថ្ងៃទី២១ដល់២៣មករាកន្លងមកនេះ ប្រមុខរដ្ឋាភិបាលចិនបានប្រកាសផ្តល់ជំនួយឥតសំណងប្រមាណ ៦០០លានដុល្លារអាមេរិកបន្ថែមទៀត ពិសេសជួយទិញអង្ករពីកម្ពុជាចំនួន ៤០ម៉ឺនតោនក្នុងមួយឆ្នាំ និងផលិតផលកសិកម្មជាច្រើនទៀត។
ចិនបានក្លាយជាអ្នកវិនិយោគនាំមុខគេ លើវិស័យវាយណភ័ណ្ឌ និងផលិតស្បែកជើង វិស័យថាមពលវារីអគ្គិសនី វិស័យទេសចរណ៍ វិស័យគមនាគមន៍ និងចុងក្រោយនេះគឺវិស័យសំណង់និងអចលនទ្រព្យ។
ជាមួយនឹងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ប្រមុខរដ្ឋាភិបាលទាំងពីរប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្ម ឲ្យដល់១០ពាន់លានដុល្លារនៅឆ្នាំ២០២៣ខាងមុខ និងបង្កើនកំនើនទេសចរណ៍ដល់ ៥លាននាក់ផងដែរ។
ងាកទៅកាន់អឺរ៉ុបវិញ បណ្តាប្រទេសក្នុងសហគមន៍នេះ បានទិញទំនិញពីកម្ពុជាក្នុងរង្វង់ទឹកប្រាក់ប្រមាណ ៨ពាន់លានដុល្លារពីកម្ពុជា កាលពីឆ្នាំ២០១៨ និងអាមេរិកទិញទំនិញពីកម្ពុជាប្រមាណ៥ពាន់លានដុល្លារ ដោយផ្តល់ការអនុគ្រោះពន្ឋផងដែរ ប៉ុន្តែក្រុមហ៊ុនអាមេរិក និងអឺរ៉ុបមិនច្រើនទេ បានបង្ហាញវត្តមាន និងធ្វើឲ្យមានឥទ្ឋិពលដល់សេដ្ឋកិច្ចកម្ពុជាជាដុំកំភួននោះឡើយ។
សំណួរនៅទីនេះធំមួយ និងជាសំណួរដែលពិបាកឆ្លើយមួយថាតើកម្ពុជាជ្រើសរើសយកប័រ ឬតៅហ៊ូ សម្រាប់ទ្រទ្រង់រាងកាយ (សេដ្ឋកិច្ច) របស់ខ្លួន ដែលត្រូវការធំធាត់បន្តទៀត? កម្ពុជាពិតជាត្រូវការតៅហ៊ូ តែក៏ត្រូវការប័រ និងឈីស ដើម្បីពង្រឹង និងបន្ថែមថាមពលរបស់ខ្លួន ដោយមិនត្រូវបោះបង់អាហារណាមួយឡើយ តែគួរជ្រើសរើសអាហារបែបចាប់ឆាយជំនួសវិញ ដែលមានបន្លែចម្រុះ (អាចធ្វើពិពិធកម្មទីផ្សារ) និងអាចបន្ថែមរសជាតិឈីស ឬប័រជាមួយបាន ដើម្បីឲ្យប្រជាជាតិនេះសម្រេចបានតាមសុបិនរបស់ខ្លួន ហើយប្រជាជាតិនេះទទួលបានវិបុលភាពពិតប្រាកដ៕