ដោយវុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានបញ្ចេញមូលនិធិឧបត្ថម្ភធនដល់វិស័យអគ្គិសនីជាង ១០០លានដុល្លារក្នុងឆ្នាំ២០១៩នេះ ដើម្បីអនុវត្តផែនការអនុគ្រោះថ្លៃអគ្គិសនីសម្រាប់ជួយដល់លំនៅដ្ឋានប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម។
លោកស៊ុយ សែន រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបានឱ្យដឹងកាលពីពេលថ្មីៗនេះថា អ្នកប្រើប្រាស់អគ្គិសនីជាង ២លាន៥សែនគ្រួសារ ស្មើនឹងជាង ៩៦ភាគរយ នៃអ្នកប្រើប្រាស់អគ្គិសនីសរុបនៅទូទាំងប្រទាំងប្រទេសជាង ២លាន៦សែនគ្រួសារ គឺទទួលបានការកាត់បន្ថយថ្លៃអគ្គិសនីតាមផែនការរបស់រាជរដ្ឋាភិបាល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០។
លោកបន្តថា ផែនការបន្ថយថ្លៃថ្មីនេះចាប់ផ្តើមអនុវត្តចំពោះបរិមាណអគ្គិសនីដែលប្រើចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ត្រូវគ្នាជាមួយវិក្ក័យបត្រអគ្គិសនីដែលចេញចាប់ពីចុងខែមករានេះតទៅ។
លោករដ្ឋមន្ត្រីពន្យល់ថា តាមពិតថ្លៃអគ្គិសនីពិតតាមគោលការណ៍អាជីវកម្មនៅតាមជនបទនានាគឺខ្ពស់ជាងអត្រាថ្លៃដែលបានកំណត់ ប៉ុន្តែរាជរដ្ឋាភិបាលអាចអនុវត្តបន្ថយថ្លៃនេះបាន គឺដោយសារមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទរបស់អគ្គិសនីកម្ពុជា បានឧបត្ថម្ភធនជួយបង់ថ្លៃមួយផ្នែកជំនួសអោយទៅអ្នកលក់ ដើម្បីជួយដោះស្រាយទុក្ខលំបាករបស់ក្រុម គ្រួសារមានកម្រិតជីវភាពទាប។
ទីភ្នាក់ងារព័ត៌មានជាតិ AKP បានចុះផ្សាយថា នៅក្នុងឆ្នាំ២០១៩នេះ តម្លៃអគ្គិសនីត្រូវបានបញ្ចុះពី ៤៨០រៀលនៅឆ្នាំ ២០១៨ មកនៅត្រឹម ៣៨ រៀលឆ្នាំ២០១៩ សម្រាប់លំនៅដ្ឋានដែលប្រើប្រាស់អគ្គិសនីចាប់ពី ១ដល់១០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែ និងការប្រើប្រាស់ចាប់ពី១១ដល់៥០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែ នឹងត្រូវចុះពី ៦១០ រៀលនៅឆ្នាំ ២០១៨ ទៅ ៤៨០ រៀលនៅឆ្នាំ ២០១៩ និងឆ្នាំ២០២០ នឹងលំនៅដ្ឋានដែលប្រើចាប់ពី ៥១ដល់២០០ គីឡូវ៉ាត់ម៉ោងក្នុង ១ ខែតម្លៃអគ្គិសនីនឹងត្រូវចុះពី ៧៧០ រៀលនៅឆ្នាំ២០១៨ ទៅ ៦១០ រៀលនៅឆ្នាំ២០១៩ និងឆ្នាំ២០២។
រាជរដ្ឋាភិបាលបានអនុវត្តផែនការកាត់បន្ថយថ្លៃអគ្គិសនីនេះចាប់ពីឆ្នាំ២០១៥មក ហើយរហូតមកដល់ពេលនេះសម្រេចបានជោគជ័យគួរជាទីមោទនៈ ក្នុងថ្លៃលក់អគ្គិសនីនៅតាមតំបន់ផ្គត់ផ្គង់នានាដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិ ត្រូវបានថយចុះជាបន្តបន្ទាប់ ទទួលបានការគាំទ្រជាខ្លាំងពីប្រជាពលរដ្ឋក្រីក្រ៕