ដោយ: គង់ លាងហួរ
ប៉េកាំងៈ តម្លៃផ្ទះថ្មីរបស់ប្រទេសចិន បានកើនឡើងសម្រាប់ខែទី៤ជាប់ៗគ្នាក្នុងខែមេសា ប៉ុន្តែក្នុងល្បឿនយឺតជាងមុន ខណៈមានការខិតខំរបស់រដ្ឋាភិបាល ក្នុងការធ្វើឱ្យមានស្ថិរភាពក្នុងវិស័យនេះ និងបន្ទាប់ពីទីក្រុងប៉េកាំង បានលុបចោលវិធានការសូន្យកូវីដ។
តម្លៃផ្ទះថ្មីនៅក្នុងខែមេសា បានកើនឡើង០,៤ភាគរយ ពីមួយខែទៅមួយខែ ធៀបនឹងការកើនឡើង០,៥ភាគរយ នៅក្នុងខែមីនា។ នេះបើយោងតាមការគណនារបស់កាសែត Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS) ។
ល្បឿននៃកំណើនតម្លៃផ្ទះ នៅខែមេសាបានថមថយ រួមជាមួយនឹងទិន្នន័យកាលពីថ្ងៃអង្គារ ដែលបង្ហាញពីការវិនិយោគអចលនទ្រព្យ និងការលក់បានធ្លាក់ចុះយ៉ាងខ្លាំង ដោយបន្ថែមការព្រួយបារម្ភលើភាពរឹងមាំនៃការស្ទុះងើបឡើងវិញ នៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។
បើគិតធៀបនឹងឆ្នាំមុន តម្លៃផ្ទះនៅប្រទេសចិន បានធ្លាក់ចុះ០,២ភាគរយ និងជាខែទី១២ នៃការធ្លាក់ចុះនៅក្នុងលក្ខខណ្ឌប្រចាំឆ្នាំ។ លើសពីនេះ គោលនយោបាយជំរុញដ៏ខ្លាំងក្លា របស់ទីក្រុងប៉េកាំងចំពោះវិស័យអចលនទ្រព្យ ដែលរងគ្រោះដោយសារវិបត្តិជាច្រើនចាប់តាំងពីខែវិច្ឆិកា បានបង្កើនមនោសញ្ចេតនា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
ជាផ្នែកមួយនៃការជំរុញ ឱ្យកាន់តែទូលំទូលាយ សម្រាប់ផ្នែកសេដ្ឋកិច្ចឱ្យងើបចេញពីជំងឺរាតត្បាត បណ្តាទីក្រុងរបស់ចិនជាច្រើនបានដាក់ចេញវិធានការគាំទ្រ ឬច្បាប់បន្ធូរបន្ថយសម្រាប់អ្នកទិញផ្ទះលើកដំបូង។
កាលពីសប្តាហ៍មុន ក្រុមនិយតករលំនៅដ្ឋានរបស់ប្រទេសចិនបានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យឈ្មួញកណ្តាលអចលនទ្រព្យក្នុងស្រុក កាត់បន្ថយថ្លៃសេវា សម្រាប់ប្រតិបត្តិការលំនៅដ្ឋាន និងសេវាកម្មជួល ដើម្បីលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយសុខភាពល្អនៃវិស័យនេះ។
យោងតាមការវិភាគទិន្នន័យឥណទានបានឱ្យដឹងថា ប្រាក់កម្ចីរយៈពេលមធ្យមទៅរយៈពេលវែង ដែលភាគច្រើនជាកម្ចីទិញផ្ទះបានធ្លាក់ចុះចំនួន១១៥,៦ពាន់លានយ័ន (ប្រហែល១៦,៧២ពាន់លានដុល្លារ) នៅក្នុងខែមេសា៕