ដោយ: គង់ លាងហួរ
អន្តរជាតិ: ការងើបឡើងវិញនៃទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេសបានបាត់បង់សន្ទុះកាលពីខែកក្កដា ខណៈបណ្តាអតិថិជនមួយចំនួនបានបង្ហាញនូវក្តីបារម្ភអំពីផែនការដំឡើងពន្ធរបស់រដ្ឋាភិបាលអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជាមួយគ្នានេះ ភាពមិនច្បាស់លាស់អំពីគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលអង់គ្លេស(BoE)បានកើនឡើង។ ការណ៍នេះបានធ្វើឱ្យទស្សនវិស័យទីផ្សារលំនៅដ្ឋានក្នុងប្រទេសអង់គ្លេសជួបប្រទះភាពមិនប្រាកដប្រជា។
គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអង់គ្លេស ដែលមានសមាជិកចំនួន៩នាក់ បានបោះឆ្នោតក្នុងសំំឡេងគាំទ្រយ៉ាងប្រកៀកប្រកិតចំនួន៥ ទល់ជាមួយនឹងសំឡេងប្រឆាំងចំនួន៤ និងបានឈានទៅកាត់បន្ថយអត្រាការប្រាក់ពី៤,២៥ភាគរយមកនៅត្រឹម៤ភាគរយកាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ ផែនការរបស់រាជរដ្ឋាភិបាលអង់គ្លេសក្នុងការដំឡើងពន្ធលើប្រាក់ចំណេញមូលធន(Capital gain tax) ពន្ធលើការផ្ទេរមរតក និងពន្ធលើបណ្តាអ្នកអភិវឌ្ឍន៍ អាចជះផលប៉ះពាល់ដល់ទីផ្សារលំនៅដ្ឋានរបស់ប្រទេសអង់គ្លេស។
ទីផ្សារលំនៅដ្ឋានអង់គ្លេសបានជួបប្រទះភាពមិនច្បាស់លាស់ក្នុងឆ្នាំ២០២៥នេះ។ បណ្តាអតិថិជនបានសម្រុកទិញផ្ទះ មុនពេលដែលការលើកលែងពន្ធលើការទិញផ្ទះបានផុតកំណត់កាលពីខែមេសា។ទោះជាយ៉ាងណា បន្ទាប់ពីនោះ ការលក់ផ្ទះបានថយចុះជាបន្តបន្ទាប់៕ប្រភព: Reuters៕