ក្រសួងបរិស្ថាននិងឥណ្ឌាចុះហត្ថលេខាលើគំរោងសាងសង់បង្គន់ប្រើប្រាស់ថាមពលអគ្គិសនីនៅទីក្រុងកោះរ៉ុង

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ លោកទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះMOU សហការរវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងការបរទេសឥណ្ឌាស្តីពី កិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងខ្នាតតូច សម្រាប់ដំឡើងបង្គន់សាធារណៈប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

លោកជំទាវ Dr. Devyani Khobragade បានមានប្រសាសន៍ថា នេះជាគម្រោងស្ថិតនៅក្រោមកិច្ច សហប្រតិបត្តិការមេគង្គ-គង្គា ដែលរដ្ឋាភិបាលឥណ្ឌាបានជួយគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលកន្លងមក មានចំនួន១៨ប្រទេសរួចហើយ ដែលបានទទួលមូលនិធិនេះ។

តាងនាម រដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព លោកទិន ពន្លក បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលឥ​ណ្ឌា ដែលបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ដើម្បីចូលរួមអនុវត្តគម្រោងនេះ ហើយជាផ្នែកមួយក្នុងការឆ្លើយតប នឹងការប្រែប្រួលអាកាសធាតុ។

លោកបានលើកឡើងពីការប្តេជ្ញាចិត្ត របស់ប្រទេសកម្ពុជា តាមរយៈការដាក់ចេញនូវរបាយការណ៍ស្តីពី ការចូលរួមចំណែកជាតិ និងយុទ្ធសាស្រ្តរយៈពេលវែងអព្យាក្រឹត្យកាបូន ជាដើម។

អនុស្សរណៈ(MOU)នេះ ត្រូវបានចុះហត្ថលេខាដោយលោក វ៉ាន់ មុនីនាថ អគ្គនាយកគោលនយោបាយ និងយុទ្ធសាស្រ្ត តំណាងក្រសួងបរិស្ថាន និងលោកជំទាវ Dr. Devyani Khobragade ឯកអគ្គរដ្ឋទូត សាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា តំណាងក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌា ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន និងមន្រ្តីស្ថានទូតសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា ចំនួន២០រូប។

ការអនុវត្តគម្រោងខ្នាតតូចនេះ នឹងផ្តល់ផលប្រយោជន៍ផ្ទាល់ដល់សហគមន៍មូលដ្ឋាន ជាមួយនឹងលទ្ធផលភ្លាមៗ និងអាចមើលឃើញ ដែលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម ក៏ដូចជា ការធ្វើឱ្យប្រសើរឡើង នូវសុខុមាលភាពសាធារណៈ ជាពិសេសប្រជាជន និងអ្នកទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here