ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ជាមួយនឹងភាពប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ឋ បានធ្វើឲ្យតំបន់ភាគខាងជើងរាជធានីភ្នំពេញ ក្លាយជាប្លុកស៊ីវិល័យមួយនាពេលបច្ចុប្បន្ន និងទៅអនាគត។
ជាមួយនឹងបទពិសោធន៍យូរឆ្នាំ ក្នុងវិស័យអចលនវត្ថុ ដោយក្លាយពីភ្នាក់ងារធម្មតា ទៅជាអ្នកអភិវឌ្ឍន៍ដ៏លេចធ្លោម្នាក់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា មិនត្រឹមតែការរីកចម្រើន លើផ្នែកហេដ្ឋារចនាសម្ព័ន្ឋប៉ុណ្ណោះទេ ប៉ុន្តែវត្តមានហាងល្បីៗ ភោជនីយដ្ឋានលំដាប់អភិជន និងផ្សារទំនើបធំៗ បាននិងកំពុងទាក់ទាញអ្នកមានកាន់តែច្រើន ទៅរស់នៅភាគខាងជើងរាជធានីភ្នំពេញ។
លោកបន្តថា ការសាងសង់អាគាររដ្ឋបាល ក្រសួងរបស់រដ្ឋាភិបាលជាច្រើន បានធ្វើឲ្យតំបន់នេះកាន់តែលេចធ្លោ និងទាក់ទាញគំរោងអភិវឌ្ឍន៍ធំៗជាច្រើន និងកំពុងកើនឡើងជាប់ជាប្រចាំ។ លោកបន្តថា ផ្នែកហេដ្ឋារចនាសម្ព័ន្ឋវិញ ភាគខាងជើងរាជធានីភ្នំពេញ ជាតំបន់មិនមានរោងចក្រ សហគ្រាសបំពុលផ្សែងនោះឡើយ ពិសេសជាតំបន់តភ្ជាប់ទៅកាន់ផ្លូវជាតិសំខាន់ៗដូចជា ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៦ និងផ្លូវខេត្តដូចជាផ្លូវលេខ៥១ និងតំបន់កំសាន្តជាច្រើនទៀតដូចជា ភ្នំពេញសាហ្វារីវើលដ៏ សួនទឹកកំសាន្តលំដាប់អន្តរជាតិហ្កាឌិន ស៊ីធី ពហុកីឡដ្ឋានមរតកតេជោ វិមានឈ្នះ ឈ្នះជាដើម។
បច្ចុប្បន្នបុរីជាច្រើនបាន និងកំពុងបង្ហាញខ្លួននៅតំបន់នេះ ដូចជា បុរីវិមានសំណាង បុរីវិមានភ្នំពេញ និងបណ្តាបុរីជាច្រើនទៀតដែលបាននិងកំពុងសាងសង់លើមហាវិថីឈ្នះ ឈ្នះ៕