ហេតុអ្វីប្រទេសកូរ៉េខាងត្បូងតាមពីក្រោយជប៉ុនក្នុងការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ច​របស់ប្រទេសជប៉ុន ​ដែល​បានឈប់ទ្រឹងអស់​រយៈពេល​ជាយូរ កំពុង​បង្ហាញ​សញ្ញា​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ។ អត្រាកំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានប្រែជាវិជ្ជមានជាលើកដំបូង ក្នុងរយៈពេល៣ត្រីមាស ពោលគឺលើសពីប្រទេសកូរ៉េខាងត្បូង។

ប្រសិនបើនិន្នាការនេះនៅតែបន្ត ប្រទេសជប៉ុននឹងវ៉ាដាច់ប្រទេ​សកូរ៉េក្នុងលក្ខខណ្ឌ នៃអត្រាកំណើនសេដ្ឋកិច្ច ពិតប្រាកដនៅឆ្នាំ២០២ឧនេះ ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩៨ក្នុងអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ី។

ការិយាល័យខុទ្ទកាល័យ របស់ប្រទេសជប៉ុនបានប្រកាសថា GDP របស់ប្រទេសនេះបានកើនឡើង០,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២៣នេះ។

អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ជប៉ុន ដែលមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ដំបូងស្ថិត ក្នុងរង្វង់១,៣ភាគរយ ប៉ុន្តែឥឡូវនេះ វាត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់១,៦ភាគរយនៅឆ្នាំ២០២៣នេះ។ នេះគឺផ្ទុយស្រឡះ ពីប្រទេសកូរ៉េខាងត្បូងដែលកំពុងខិតខំ សម្រេចបានអត្រាកំណើនសេដ្ឋកិច្ច១,៥ភាគរយនៅឆ្នាំនេះ។

ទីភ្នាក់ងារវាយតម្លៃឥណទានសកល S&P បានបន្ទាបការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចឆ្នាំ២០២៣ សម្រាប់ប្រទេសកូរ៉េខាងត្បូងមកត្រឹម១,១ភាគរយ ធៀបនឹងការព្យាករណ៍ពីមុន១,៣ភាគរយ ខណៈដែល IMF ក៏បានបន្ទាបទស្សនវិស័យសេដ្ឋកិច្ច របស់ប្រទេសកូរ៉េមកនៅត្រឹមតែ១,៥ភាគរយ ពី១,៧ភាគរយផងដែរ។

ក្រុមអ្នកឃ្លាំមើលទីផ្សារបានលើកឡើងថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ត្រូវបានជំរុញដោយការកើនឡើង នៃតម្រូវការក្នុងស្រុក ដែលបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់សេដ្ឋកិច្ចរបស់ខ្លួនបន្ទាប់ពីការបញ្ចប់នៃជំងឺរាតត្បាត។

លោក Ryu Jin-lee អ្នកស្រាវជ្រាវប្រចាំក្រុមហ៊ុន Hi Investment & Securitiesបានមានប្រសាសន៍ថា “ដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសជប៉ុនគឺប្រទេសចិន ដូចករណីរបស់ប្រទេសកូរ៉េដែរ។ ខណៈពេលដែលការបើកដំណើរការឡើងវិញ របស់ប្រទេសចិនផ្តល់ផលតិចតួច សារៈសំខាន់នៃតម្រូវការក្នុងស្រុក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញទីផ្សារជប៉ុនបើធៀបនឹងប្រទេសកូរ៉េ”។

លោក Ryu បានពន្យល់ថា ប្រទេសជប៉ុនបានពឹងផ្អែកពីខាងក្រៅក្នុងកម្រិតតិចតួច ដោយសារការប្រើប្រាស់ឯកជន នៅក្នុងស្រុកមានចំនួន៥៤ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ខុសពីប្រទេសជប៉ុន កូរ៉េខាងត្បូងពឹងផ្អែកខ្លាំង លើពាណិជ្ជកម្មខាងក្រៅសម្រាប់សេដ្ឋកិច្ចរបស់ខ្លួន។  បច្ចុប្បន្នប្រទេសកូរ៉េ កំពុងជួបការលំបាកផ្នែកសេដ្ឋកិច្ច ដោយសារតែតម្រូវការផលិតផលនាំចេញសំខាន់ៗរបស់ខ្លួន ដូចជាបន្ទះឈីបទៅកាន់ប្រទេសចិន បានដាំក្បាលចុះ។

ជាក់ស្តែង ការនាំចេញរបស់កូរ៉េ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះ២៦,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាការថយចុះដ៏ធំបំផុតក្នុងចំណោមបណ្តាប្រទេសនាំចេញនានាជាច្រើន។

លោក Krishna Srinivasan ប្រធាននាយកដ្ឋានប្រចាំអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF បានកត់សម្គាល់ថា ការបើកដំណើរការឡើងវិញរបស់ប្រទេសចិន គឺផ្តោតលើការប្រើប្រាស់ជាចម្បង ជាជាងការផលិតនៅពេលនេះ។

ភាពនៅទ្រឹងនៃចំនួនភ្ញៀវទេសចរបរទេស ទៅកាន់ប្រទេសកូរ៉េ គួបផ្សំនឹងការកើនឡើងគួរឱ្យកត់សម្គាល់ នៃចំនួនអ្នកធ្វើដំណើរកូរ៉េទៅក្រៅប្រទេសក្នុងឆ្នាំនេះ ក៏ជាកត្តាមួយទៀតដែលបង្កបញ្ហាប្រឈមដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសកូរ៉េខាងត្បូងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here