ដោយ៖ សុខុម
វៀងចន្ទន៍: ក្រុមហ៊ុនអគ្គិសនីដ៏ធំបំផុតរបស់វៀតណាម Vietnam Electricity Group (EVN) បានទម្លាយឱ្យដឹងថា ក្រុមហ៊ុនពេលនេះកំពុងចរចាដើម្បីបង្កើនការទិញអគ្គិសនីពីប្រទេសឡាវ និងប្រទេសចិន បន្ថែមទៀត ស្របពេលប្រទេសវៀតណាម កំពុងប្រឈមនឹងការខ្វះខាតថាមពលអគ្គិសនី។
លោក Tran Dinh Nhan អគ្គនាយកក្រុមហ៊ុន EVN បានលើកឡើងថា ប្រភពថាមពលអគ្គិសនីនៅក្នុងប្រព័ន្ធទាំងមូលលែងមានសមត្ថភាពបម្រុងទុកអគ្គិសនីទៀតហើយ ខណៈប្រភពថាមពលធំៗដែលខ្លួនអាចប្រើប្រាស់បានរួមទាំងវារីអគ្គិសនី និងថាមពលកម្ដៅផងសុទ្ធតែបានធ្លាក់ចុះ។
ជាលទ្ធផលក្រុមហ៊ុន EVN ត្រូវប្រមែប្រមូលប្រភពថាមពលកម្ដៅដែលដំណើរការដោយប្រេងម៉ាស៊ូត (DO) និងប្រេងឥន្ធនៈ (FO)។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៦ ខែឧសភា។
បន្ថែមពីលើការចរចាជាមួយប្រទេសឡាវ និងប្រទេសចិន ក្រុមហ៊ុន EVN ក៏កំពុងសហការជាមួយក្រុមហ៊ុនជាច្រើនទៀតផងដែររួមមានក្រុមហ៊ុន Vietnam National Coal ក្រុមហ៊ុន Mineral Industries Holding Corporation Limited (Vinacomin) ក្រុមហ៊ុន Dong Bac Corporation និងក្រុមហ៊ុន Vietnam Oil and Gas Group (Petrovietnam) ដើម្បីផ្គត់ផ្គង់ធ្យូងថ្ម ឧស្ម័ន និងប្រេងសម្រាប់រោងចក្រថាមពលអគ្គិសនី។
លើសពីនេះ ក្រុមហ៊ុននេះបានចរចាជាមួយអ្នកវិនិយោគលើគម្រោងអគ្គិសនីដើរដោយថាមពលខ្យល់ និងថាមពលសូឡាដែលមានសិទ្ធិផលិតអគ្គិសនីសម្រាប់បណ្តាញអគ្គិសនីជាតិ ខណៈសម្របសម្រួលជាមួយមូលដ្ឋានដើម្បីធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់អគ្គិសនីប្រកបដោយប្រសិទ្ធភាព និងសន្សំសំចៃ៕ Laotian Times៕