[:km]ដោយគង់ សូរិយា
ភ្នំពេញ៖ ទេសាភបាលធនាគារជាតិនៃកម្ពុជាបានថ្លែងថា បដិវត្តន៍ឧស្សាហកម្មទី៤ បាននិងកំពុងផ្លាស់ប្តូរដំណើរការនៃប្រព័ន្ធសេដ្ឋកិច្ចសង្គម និងនយោបាយ ដែលបច្ចេកវិទ្យាហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាជាផ្នែកមួយនៃបដិវត្តន៍ឧស្សាហកម្មទី៤។
លោកជា ចាន់តូ ទេសាភិបាលធនាគាជាតិនៃកម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួន បានកាត់បន្ថយកម្រៃសេវានិងហានិភ័យ ព្រមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ ប៉ុន្តែបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនទៀតដូចជា ទ្រព្យសកម្ម (Crypto) បានបង្កហានិភ័យដល់សេដ្ឋកិច្ច ដោយសារការប្រែប្រួលតម្លៃយ៉ាងឆាប់រហ័ស និងគ្មានការធានាលើការប្តូរជាសាច់ប្រាក់ ដោយស្ថាប័នណាមួយឡើយ។
លោកបន្តថា បច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជា បានរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែវាស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ដោយសារភាគច្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុកំពុងប្រើប្រាស់នៅក្នុងការទូទាត់ប៉ុណ្ណោះ។
ស្ថិតក្នុងស្ថានភាពនេះ លោកស្នើឱ្យនាយកដ្ឋានពាក់ព័ន្ធ ដូចជានាយកដ្ឋានប្រព័ន្ធទូទាត់ និងនាយកដ្ឋានព័ត៌មានវិទ្យា បន្តតាមដានការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាដោយប្រុងប្រយ័ត្ន និងស្វែងយល់ឱ្យបានច្បាស់ពីអត្ថប្រយោជន៍ និងហានិភ័យនៃផលិតផល Fintech ជាពិសេសពង្រឹងកិច្ចការពារសុវត្ថិភាព បច្ចេកវិទ្យា “Cyber Security”។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា ត្រូវបន្តពង្រឹងបទប្បញ្ញត្តិគ្រប់គ្រងបច្ចេកវិទ្យាហិរញ្ញវត្ថុឱ្យសមស្រប ដោយថ្លឹងថ្លែងពីសក្តានុពលនិងហានិភ័យ មុននឹងសម្រេចអនុញ្ញាតដាក់ឱ្យដំណើរការក្នុងវិស័យធនាគារ៕[:]