ដោយៈ ហ្វីអូណា
ភ្នំពេញៈ លោកផែង សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ អនុគណៈកម្មការ និងភាគីពាក់ព័ន្ធ ពីគ្រប់ក្រសួង ស្ថាប័ន ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ កំណាត់ផ្លូវខេត្តលេខ៣១២ ស្ថិតក្នុងខេត្តព្រៃវែង និងផ្លូវជាតិលេខ២៣ ស្ថិតក្នុងខេត្តកណ្តាល។
កិច្ចប្រជុំដែលបានធ្វើកាលពីព្រឹកថ្ងៃទី១ មិថុនា ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ ត្រៀមរៀបចំពិធីបើកការដ្ឋានទាំងពីរទីតាំង សំដៅធ្វើឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធីខាងលើ ប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយប្រសិទ្ធភាពការងារខ្ពស់តាមបំណែងចែក។
លោករដ្ឋលេខាធិការ ប្រធានគណៈកម្មការ ក៏បានផ្តល់អនុសាសន៍ណែនាំឱ្យសមាជិក សមាជិកា នៃគណៈកម្មការត្រៀមរៀបចំពិធី សហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីបើកការដ្ឋានទាំងពីរ ប្រព្រឹត្តទៅបានដោយរលូន តាមផែនការដែលបានគ្រោងទុក។
កំណាត់ផ្លូវខេត្ដលេខ៣១២ (សំរោង-កគោ ព្រំប្រទល់កម្ពុជា-វៀតណាម) មានប្រវែងសរុប ២៨,៣៧២គ.ម ស្ថិតក្នុងស្រុកព្រះស្ដេច ខេត្ដព្រៃវែង ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ដោយឡែក ផ្លូវជាតិលេខ២៣ មានប្រវែងសរុប ១៩,៨៣៣គ.ម ចាប់ពីគល់ស្ពានកោះធំ ត្រើយខាងកើត ក្នុងឃុំជ្រោយតាកែវ ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល ដែលជាគម្រោងលើកកម្រិតបណ្តាញផ្លូវថ្នល់ ជំហានទី២ ក្រោមឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងនឹងប្រារព្ធពិធីបើកការដ្ឋានលើកកម្រិត និងជួសជុលថែទាំ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕