ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកជំនាញឧស្សាហកម្មបានលើកឡើងថា ការប្រែប្រួលនៃទីផ្សារភាគហ៊ុនថៃជុំវិញភាពមិនច្បាស់លាស់ខាងនយោបាយ បន្ទាប់ពីការបោះឆ្នោតសកល រួមជាមួយការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដោយសារការកើនឡើងនៃអតិផរណា បានធ្វើឱ្យអចលនទ្រព្យសម្រាប់ការវិនិយោគជាជម្រើសដ៏គួរឱ្យទាក់ទាញក្នុងចំណោមអ្នកវិនិយោគសម័យទំនើប។
លោក Chanin Wanichwong នាយកប្រតិបត្តិនៃក្រុមហ៊ុន Habitat Group បានអះអាងថា “ការកើនឡើងនៃចំនួនអ្នកវិនិយោគជំនាន់ថ្មីដែលមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ កំពុងទិញខុនដូ និងដាក់ជួលខុនដូដែលពួកគេបានទិញសម្រាប់រកប្រាក់ចំណេញរយៈពេលខ្លី និងរយៈពេលវែង។លោកបន្តថា “ខុនដូដែលមានតម្លៃចន្លោះពី៥ ទៅ៨លានបាតបានក្លាយជាការពេញនិយមយ៉ាងខ្លាំងជាជម្រើសនៃការវិនិយោគដើម្បីបង្កើតប្រាក់ចំណូលអកម្ម”។
លោកបានបន្ថែមថា កត្តាដែលរួមចំណែកដល់និន្នាការនេះ គឺការងើបឡើងវិញនៃឧស្សាហកម្មទេសចរណ៍ ដែលជំរុញឱ្យមានលំហូរនៃភ្ញៀវបរទេសស្វែងរកកន្លែងស្នាក់នៅ ជាពិសេសនៅក្នុងទីក្រុងទេសចរណ៍ ដូចជាទីក្រុងប៉ាតាយ៉ាជាដើម។
លោក Siripong Srisawangeong ប្រធានផ្នែកទីផ្សារ និងលក់នៅក្រុមហ៊ុន Origin Property Plc បានអះអាងថា កម្មវិធីអចលនទ្រព្យវិនិយោគ (IP) របស់ក្រុមហ៊ុនបានលក់អចលនទ្រព្យចេញជាង២.០០០យូនីតក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ដោយរំពឹងថា នឹងមានកំណើនជាបន្តបន្ទាប់ទៀត។
លោកបន្តថា“កម្មវិធី IP គឺជាគំនិតថ្មីមួយក្នុងការវិនិយោគអចលនទ្រព្យ។ អ្នកទិញគឺទិញ សម្រាប់តែការ វិនិយោគប៉ុណ្ណោះ ប៉ុន្តែអ្នកទិញនឹងមានសិទ្ធិពេញលេញ លើអចលនទ្រព្យរបស់ពួកគេ។ ពួកគេអាចលក់ ឬផ្ទេរបានគ្រប់ពេល ហើយថែមទាំងអាចផ្ទេរវាទុកជាមរតក ឬប្រើវាជាវត្ថុបញ្ចាំកម្ចីផងដែរ”។
លោក Siripongបានបន្ថែមទៀតថា “ការចំណេញត្រឡប់មកវិញពីការវិនិយោគ គឺអាស្រ័យលើទីតាំងអចលនទ្រព្យ និងការទាមទាររបស់អ្នកជួល”៕