ដោយ: គង់ លាងហួរ
អន្តរជាតិ: ភាពជាម្ចាស់ផ្ទះរបស់ប្រទេសហ្វីលីពីនសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២៦ ត្រូវបានគេរំពឹងថា នឹងជួយជំរុញទីផ្សារអចលនទ្រព្យបដិសណ្ឋារកិច្ចរបស់ប្រទេសនេះ ជាពិសេសឧស្សាហកម្ម MICE ដែលរួមមាន កិច្ចប្រជុំ ការលើកទឹកចិត្ត សន្និសីទ និងការតាំងពិពណ៌។
ក្រុមអ្នកជំនាញបានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនឹងផ្សព្វផ្សាយភាពទាក់ទាញសម្រាប់ម៉ាកយីហោសណ្ឋាគាររបស់ហ្វីលីពីននៅលើឆាកអន្តរជាតិ និងប្រែក្លាយប្រទេសហ្វីលីពីនជាគោលដៅសម្រាប់ការធ្វើដំណើរក្នុងគោលបំណងអាជីវកម្ម និងការកម្សាន្ត។
ប្រទេសហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងវេទិកាទេសចរណ៍អាស៊ាននៅឆ្នាំ២០២៦។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានគេរំពឹងថា នឹងទាក់ទាញភ្ញៀវទេសចរណ៍កាន់តែច្រើនទៅកាន់គោលដៅសំខាន់ៗដូចជា រដ្ឋធានិម៉ានីល និងទីក្រុងសេប៊ូ(Cebu)។
ប្រសិនបើការរៀបចំព្រឹត្តិការណ៍ទាំងនេះទទួលបានជោគជ័យ នោះការណ៍នេះអាចបង្កើតនូវអត្ថប្រយោជន៍រយៈពេលវែង និងអាចជំរុញឱ្យមានការចូលមកទស្សនា និងដើរកំសាន្តនៅប្រទេសហ្វីលីពីនម្តងទៀត (Repeat visit) និងការចែករំលែកនូវបទពិសោធន៍វិជ្ជមានពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀត(Word of Mouth)។
លោក Agnes Pacis អនុប្រធានផ្នែកពាណិជ្ជកម្មនៃក្រុមហ៊ុន SM Hotels & Convention បានអះអាងថា “ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២៦ នឹងជំរុញឱ្យហ្វីលពីនដើរតួនាទីយ៉ាងសំខាន់ក្នុងឧស្សាហកម្ម MICE ហើយយើងនឹងសាងសង់សណ្ឋាគារជាច្រើនក្នុងរយៈពេល៥ឆ្នាំខាងមុខ”៕ប្រភព: Business World៕