[:km]ភ្នំពេញ ៖ ក្នុងគោលបំណងរឹតចំណងលើការទំនាក់ទំនង និងចងសម្ព័ន្ធមេត្រីភាពឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ ជាពិសេសជម្រុញវិស័យសេដ្ឋកិច្ចឱ្យមានកំណើនបន្ថែមទៀតនោះ ប្រតិភូទីក្រុងឡុងប៊ិច នៃរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក បានធ្វើពិធីចុះហត្ថលេខា (MOU) លើអនុស្សារណៈនៃការយោគយល់គ្នាជាមួយទីរាជធានីភ្នំពេញ ដែលបានប្រព្រឹត្តឡើងកាលពីព្រឹកមិញថ្មីៗនេះ ។
លោក ឃួង ស្រេង អភិបាលរាជធានីបានលើកឡើងថា ការចុះ (MOU) អនុស្សារណៈនៃការយោគយល់គ្នា និងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក ជាមួយរាជធានីភ្នំពេញ នៃព្រះរាជាណចក្រកម្ពុជា នាពេលនេះ គឺក្នុងគោលបំណងបង្កើនទំនាក់ទំនងវប្បធម៌ និងការអបរំ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចំណងមិត្តភាពរវាងប្រជាជនដែលកំពុងរស់នៅក្នុងទីក្រុងទាំងពីរឱ្យកាន់តែជិតស្និទ្ធ។
ជាមួយគ្នានេះ នៅក្នុងឱកាសនៃការសំណេះសំណាល់ខាងលើនេះ ក្រៅពីបានបង្ហាញពីភាពរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់រាជធានីភ្នំពេញ ក៏ដូចជាវិស័យសេដ្ឋកិច្ចកម្ពុជា លោក ឃួង ស្រេង ក៏បានរំលឹកឱ្យដឹងផងដែរថា ការភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគី រវាងកម្ពុជា ជាមួយសហរដ្ឋអាមេរិក មិនមែនទើបតែកើតមាននោះទេ ប៉ុន្តែវាបានកើតមានឡើងតាំងពីអំឡុងឆ្នាំ១៩៥០មកម្ល៉េះ ហើយតាមរយៈកិច្ចចុះហត្ថលេខាចុះ (MOU) អនុស្សារណៈនៃការយោគយល់គ្នា និងចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក នាពេលនេះ ក្រៅពីរឹតបណ្ដឹងកិច្ចទំនាក់ទំនង វានឹងក្លាយជាចលករយ៉ាងសំខាន់មួយដែលជួយជំរុញឱ្យវិស័យសេដ្ឋកិច្ចរបស់ទីក្រុងទាំងពីរមានភាពរីកចម្រើនផងដែរ។
លោក Robert Garcia តំណាងប្រតិភូទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក ក៏បានឱ្យដឹងផងដែរថា លោកពិតជារីករាយដែលបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ ខណៈដែល ឡុងប៊ិច រដ្ឋកាលីហ្វរ័ញ៉ា គឺជាទីក្រុងមួយ ដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនជាងគេនៅសហរដ្ឋអាមេរិក ហើយថែមទាំងបានបង្កើតទីក្រុងកម្ពុជា (Cambodia Town) ដំបូងគេ នៅសហរដ្ឋអាមេរិក ផងដែរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា វាគឺជារឿងល្អចំពោះកិច្ចចុះហត្ថលេខាយោគយល់គ្នាខាងលើ ហើយវាក៏បានផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផងដែរ ក្នុងនោះរាប់ទាំងវិស័យរដ្ឋ ក៏ដូចជាវិស័យឯកជន ដែលជាកត្តាមួយជួយឱ្យការវិនិយោគរវាងទីក្រុងទាំងពីរកាន់ល្អ និងមានកំណើន។ សម្រាប់ទំនិញដែលកម្ពុជានាំចេញទៅកាន់សហរដ្ឋអាមេរិក ក៏ដូចជារដ្ឋកាលីហ្វរញ៉ា ច្រើនជាងគេ រួមមានវិស័យសម្លៀកបំពាក់ និងស្បែកជើង ជាដើម ។
លោកឧកញ៉ាក៏បានបញ្ជាក់បន្ថែមទៀតថា នៅក្នុងជំនួបនៃពិធីខាងលើនេះក៏មានសមាសភាពប្រធានកំពង់ផែនៅក្នុងរដ្ឋកាលីហ្វរញ៉ា ផងដែរ ដែលក៏បានស្នើដល់សភាពាណិជ្ជកម្មកម្ពុជា ជួយជំរុញវិស័យឯកជននៅកម្ពុជា បង្កើនការវិនិយោគបន្ថែមរវាងទីក្រុងទាំងពីរឱ្យកាន់តែច្រើន ខណៈដែលមធ្យោបាយក្នុងការដឹកជញ្ជូនតាមផ្លូវទឹកក៏មានភាពល្អប្រសើរជាងមុន ៕[:]