ដោយៈ គង់ សូរិយា
ភ្នំពេញៈ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឱ្យប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ពោលគឺត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់ដី) ទៅដាក់នៅធនាគារ។
លោកព្រមានថា “បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរ ក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធនាគារ”។ការអំពាវបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ខណៈដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋរស់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាង១០០០ប័ណ្ណ នៅក្នុងបរិវេណ សាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។លោកឃួង ស្រេង បានលើកឡើងថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេស៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ធិស្របច្បាប់ ជូនប្រជាពលរដ្ឋ និងកាត់បាននូវភាពក្រីក្រ។
លោកឃួង ស្រេង បានបន្តថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ រីកចំរើន ក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា មានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ខាងមុខ៕