[:km]ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឪ្យដឹងថា ក្រុមហ៊ុនឯកជនចំនួន ២ បានកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនថ្មី ឬ Highway មួយបន្ថែមទៀតចេញពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ ស្ដីពីគម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (ឆ្មាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអំពាវនាវដល់វិស័យឯកជនទាំងអស់ដែលមានបំណងវិនិយោគផ្លូវ Highwayចេញពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប មកទាក់ទងជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ខណៈមានក្រុមហ៊ុនឯកជនចំនួន ២ កំពុងសិក្សា តែមិនទាន់មានរបាយការណ៍ផ្ញើរមកក្រសួងនៅឡើងទេ ។
លោករដ្ឋមន្ត្រី «ខ្ញុំសូមស្នើរសុំដល់ក្រុមហ៊ុនឯកជន ដែលមានបំណងចង់វិនិយោគ ផ្លូវល្បឿនលឿនពីភ្នំពេញទៅ សៀមរាប ពង្រីកទៅជា ៤ គន្លង ក្រសួងសូមស្វាគមន៍ តែយើងមានក្រុមហ៊ុន ២កំពុងសិក្សាធ្វើផ្លូវថ្មីតែម្តង ពីភ្នំពេញទៅសៀមរាប ដោយពង្រីកអោយទៅជា ៤ គន្លង ជាប្រភេ BOT តែខាងក្រុមហ៊ុនមិនទាន់បានផ្ញើរបាយការណ៍ និងពិភាក្សាជាមួយក្រសួងនៅឡើយទេ»។
លោករដ្ឋមន្ត្រីអោយដឹងបន្តថា « ឥឡូវរាជរដ្ឋាភិបាលពង្រីកផ្លូវពី ២គន្លង ទៅ ៤ គន្លងពីភ្នំពេញទៅស្គន់ តែពីស្គន់ទៅសៀមរាប ជាង ២០០គីឡូហ្នឹង មានតែ ២គន្លងទេ ហើយយើងមិនទាន់មានគម្រោង ពង្រីក ពី ២ គន្លងទៅ ៤ គន្លងឡើយទេ» ៕[:]