ដោយ: គង់ លាងហួរ
អន្តរជាតិ: ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យលំនៅដ្ឋាននឹងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆមាសទី២ ឆ្នាំនេះ។នេះបើយោងតាមធនាគារវិនិយោគខ្នាតយក្សអាមេរិក Goldman Sachs ។
លោក Jan Hatzius ប្រធានសេដ្ឋវិទូរបស់ធនាគារ Goldman Sach បានព្យាករណ៍ថា ការវិនិយោគផ្នែកលំនៅដ្ឋាននៅសហរដ្ឋអាមេរិកនឹងធ្លាក់ចុះ៨ភាគរយ នៅក្នុងឆមាសទី២ ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា កង្វះលទ្ធភាពទិញផ្ទះ និងវិធានការបណ្តេញជនអន្តោប្រវេសន៍របស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាមូលហេតុសំខាន់ ដែលនាំឱ្យទីផ្សារលំនៅដ្ឋានធ្លាក់ចុះ។
សេដ្ឋវិទូរូបនេះបានបញ្ជាក់ថា “ការថយចុះនៃការវិនិយោគលើទីផ្សារលំនៅដ្ឋាននឹងបន្តជះផលប៉ះពាល់លើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។ ជាមួយគ្នានេះ ការសាងសង់អាផាតមុិននឹងនៅតែមានកម្រិតទាបរហូតដល់ខែធ្នូ ឆ្នាំ២០២៥”។
លោកបានលើកឡើងពីបញ្ហាសំខាន់ៗចំនួន២ ក្នុងទីផ្សារលំនៅដ្ឋានអាមេរិក។ បញ្ហាទីមួយ៖ ការបណ្តេញជនអន្តោប្រវេសន៍ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ អាចធ្វើឱ្យចំនួនគ្រួសារថ្មីនៅសហរដ្ឋអាមេរិកដាំក្បាលចុះ។
បញ្ហាទី២៖ កង្វះលទ្ធភាពទិញផ្ទះនៅតែបង្កជាបញ្ហាប្រឈម ដោយសារអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក(Fed)នៅតែមានកម្រិតខ្ពស់ក្នុងរង្វង់ចន្លោះពី៤,២៥ភាគរយទៅ៤,៥ភាគរយ។ការណ៍នេះធ្វើឱ្យអត្រាការប្រាក់លើកម្ចីទិញផ្ទះមានកម្រិតខ្ពស់ជិត៧ភាគរយ៕ប្រភព: CNBC៕