ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ កាន់តែមានប្រជាប្រិយភាពសម្រាប់អ្នកវិនិយោគចិន ខណៈភាពប្រេះឆាផ្នែកនយោបាយ និងអត្រាការប្រាក់ខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់ភាពទាក់ទាញនៃជម្រើសវិនិយោគ ដូចជានៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។
យោងតាមចំណាត់ថ្នាក់របស់ក្រុមហ៊ុន បច្ចេកវិទ្យាអចលនទ្រព្យ Juwai IQI បានឱ្យដឹងថា ឥឡូវនេះ ឥណ្ឌូណេស៊ីគឺជាទិសដៅសំខាន់នៅក្រៅប្រទេស នៃជម្រើសសម្រាប់ការវិនិយោគ របស់វិនិយោគិនចិននៅក្នុងវិស័យអចលនទ្រព្យ ដោយប្រទេសម៉ាឡេស៊ីស្ថិតនៅលំដាប់ទី៣ និងប្រទេសថៃស្ថិតនៅលំដាប់ទី៥។កាលពីឆ្នាំ២០២២កន្លងទៅ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីស្ថិតនៅលំដាប់ទី៤ និងទី៥ រៀងៗគ្នា ខណៈដែលប្រទេសថៃមិនស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំនោះទេ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ដែលធ្លាប់ជាគោលដៅវិនិយោគដ៏ពេញនិយមកាលពីឆ្នាំមុន មិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង៥ទាល់តែសោះនៅឆ្នាំនេះ ខណៈដែលអូស្ត្រាលីបានធ្លាក់ចុះមកនៅលេខរៀងទី៤ ពីចំណាត់ថ្នាក់លេខ២ក្នុងឆ្នាំ២០២២។
របាយការណ៍ដដែលបានបន្តថា “វិនិយោគិនចាត់ទុកតំបន់អាស៊ីអាគ្នេយ៍ជាទិសដៅទាក់ទាញ ដោយសារទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសចិន និងប្រទេសទាំងនេះកំពុងកើនឡើង ខណៈទំនាក់ទំនងជាមួយអាមេរិកកំពុងធ្លាក់ចុះ”។
ក្រុមហ៊ុន Juwai IQI បានបញ្ជាក់ទៀតថា ទស្សនវិស័យកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ របស់បណ្តាប្រទេសនៅតំបន់ អាស៊ីអាគ្នេយ៍ផ្តល់ឱ្យអ្នកវិនិយោគ នូវការលើកទឹកចិត្តបន្ថែមទៀត ក្នុងការដាក់ប្រាក់របស់ពួកគេនៅទីនោះ។
លើសពីនេះទៀត ការផ្លាស់ប្តូរចំណូលចិត្ត ឆ្ពោះទៅរកការវិនិយោគអចលនទ្រព្យបែបពាណិជ្ជកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ទំនងជានឹងបន្ត បើទោះបីជាសហរដ្ឋអាមេរិក និងអូស្ត្រាលីដកថយការរឹតបន្តឹងគោលនយោបាយរូបិយវត្ថុរបស់ពួកគេយ៉ាងណាក្តី៕