អ្នកវិនិយោគចិនងាកមកបណ្តាក់ទុនលើទីផ្សារអចលនទ្រព្យនៅ តំបន់អាស៊ីអាគ្នេយ៍

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យបែបពាណិជ្ជកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ កាន់តែមានប្រជាប្រិយភាពសម្រាប់អ្នកវិនិយោគចិន ខណៈភាពប្រេះឆាផ្នែកនយោបាយ និងអត្រាការប្រាក់ខ្ពស់ ធ្វើឱ្យប៉ះពាល់ដល់ភាពទាក់ទាញនៃជម្រើសវិនិយោគ ដូចជានៅប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក។

យោង​តាម​ចំណាត់​ថ្នាក់​របស់​ក្រុមហ៊ុន ​បច្ចេក​វិទ្យា​អចលន​ទ្រព្យ Juwai IQI បានឱ្យដឹងថា ឥឡូវនេះ ឥណ្ឌូណេស៊ីគឺជាទិសដៅសំខាន់នៅក្រៅប្រទេស នៃជម្រើសសម្រាប់ការវិនិយោគ របស់វិនិយោគិនចិននៅក្នុងវិស័យអចលនទ្រព្យ ដោយប្រទេសម៉ាឡេស៊ីស្ថិតនៅលំដាប់ទី៣ និងប្រទេសថៃស្ថិតនៅលំដាប់ទី៥។កាលពីឆ្នាំ២០២២កន្លងទៅ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីស្ថិតនៅលំដាប់ទី៤ និងទី៥ រៀងៗគ្នា ខណៈដែលប្រទេសថៃមិនស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំនោះទេ។ ផ្ទុយទៅវិញ សហរដ្ឋអាមេរិក ដែលធ្លាប់ជាគោលដៅវិនិយោគដ៏ពេញនិយមកាលពីឆ្នាំមុន មិនបានជាប់ចំណាត់ថ្នាក់កំពូលទាំង៥ទាល់តែសោះនៅឆ្នាំនេះ ខណៈដែលអូស្ត្រាលីបានធ្លាក់ចុះមកនៅលេខរៀងទី៤ ពីចំណាត់ថ្នាក់លេខ២ក្នុងឆ្នាំ២០២២។

របាយ​ការណ៍​ដដែលបាន​បន្ត​ថា ​“វិនិយោគិន​ចាត់​ទុក​តំបន់​អាស៊ី​អាគ្នេយ៍​ជា​ទិសដៅ​ទាក់ទាញ​ ដោយ​សារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ និង​ប្រទេស​ទាំង​នេះ​កំពុង​កើន​ឡើង ខណៈទំនាក់ទំនង​ជាមួយអាមេរិកកំពុងធ្លាក់ចុះ”។

ក្រុមហ៊ុន Juwai IQI បានបញ្ជាក់ទៀតថា ទស្សនវិស័យកំណើនសេដ្ឋកិច្ចកាន់តែប្រសើរ របស់បណ្តាប្រទេសនៅតំបន់ អាស៊ីអាគ្នេយ៍ផ្តល់ឱ្យអ្នកវិនិយោគ នូវការលើកទឹកចិត្តបន្ថែមទៀត ក្នុងការដាក់ប្រាក់របស់ពួកគេនៅទីនោះ។

លើសពីនេះទៀត ការផ្លាស់ប្តូរចំណូលចិត្ត ឆ្ពោះទៅរកការវិនិ​យោ​គអចលនទ្រព្យបែបពាណិជ្ជកម្ម នៅតំបន់អាស៊ីអាគ្នេយ៍ទំនងជានឹងបន្ត បើទោះបីជាសហរដ្ឋអាមេរិក និងអូស្ត្រាលីដកថយការរឹតបន្តឹ​ងគោលនយោបាយរូបិយវត្ថុរបស់ពួកគេយ៉ាងណាក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here