ដោយៈ យិន លាងគង់
ភ្នំពេញៈ ទិសទាំងបួននៃរាជធានីភ្នំពេញ សុទ្ឋតែមានឱកាសរីកចម្រើន និងមានអំណាចនៃការទិញខុសៗគ្នា សម្រាប់បច្ចុប្បន្ននិងទៅអនាគត។
ប៉ុន្តែសំណួរនៅទីនេះ គឺតើយើងយកអ្វីជាមូលដ្ឋានសម្រាប់វិភាគ? អ្វីៗទាំងអស់អាស្រ័យលើកត្តាសេដ្ឋកិច្ច ប្រជាសាស្រ្ត របាយប្រជាសាស្រ្ត និងភូមិសាស្រ្តតំបន់។
តំបន់ប៉ែកខាងកើតរាជធានី ជាតំបន់មួយដែលកំពុងមានការរីកចម្រើន និងកំពុងមានការចាប់អារម្មណ៍ ពីអ្នកវិនិយោគមួយចំនួនផងដែរ ប៉ុន្តែទន្ទឹមនឹងនោះការខកចិត្តក៏កើតមានឡើងព្រមគ្នា។
ការខកចិត្តដោយសារអ្វី? គឺមនុស្សភាគច្រើនបានគិតថា តំបន់នេះនឹងកាត់ចូលក្នុងដែនរដ្ឋបាល រាជធានីភ្នំពេញ ប៉ុន្តែផ្ទុយទៅវិញ រដ្ឋាភិបាល បានសម្រេចបង្កើតទីក្រុងអរិយក្សត្រ ដែលស្ថិតនៅក្នុងដែនរដ្ឋបាលខេត្តកណ្តាលទៅវិញ ដែលធ្វើឲ្យតម្លៃអចលនវត្ថុ និងលំហូរវិនិយោគមានការប្រែប្រួល។
តំបន់នេះ មានភាពពិសេសដោយឡែកពីតំបន់ដទៃទៀត នៅលើមូលដ្ឋានមួយចំនួន ដូចជា ទី១ ដីនៅប្របមាត់ទន្លេមេគង្គ ជាដីល្អ ដែលមានតម្លៃខ្ពស់ ដោយសារតំបន់នេះមានទេសភាពទន្លេរ និងស្ថិតនៅទល់មុខនឹងរាជធានីភ្នំពេញ ទី២ ជាតំបន់ដែលមានទឹកលិចច្រើន ដែលមិនសូវអំណោយផល ដល់ការវិនិយោគអលនទ្រព្យតម្លៃខ្ពស់។
ទី៣ ជាតំបន់ដែលមានប្រជាពលរដ្ឋ មានជីវភាពមធ្យមភាគច្រើនរស់នៅ ហើយអំណាចនៃការទិញរបស់មូលដ្ឋាន គឺពឹងផ្អែកលើប្រជាជនពីរាជធានីភ្នំពេញ ទី៤ នៅពេលស្ពានមិត្តភាពកម្ពុជា កូរ៉េសាងសង់ចប់នាពេលខាងមុខ តំបន់នេះក៏នឹងមានឱកាសរីកចម្រើនខ្លាំងផងដែរ ដោយសារការធ្វើដំណើរមានភាពងាយស្រួល ប៉ុន្តែអ្នកជំនាញអចលនទ្រព្យជើងចាស់មួយរូប គឺលោកបណ្ឌិតគីម ហ៊ាងបានថ្លែងថា ប្រជាពលរដ្ឋចូលមករស់នៅទីក្រុង ប៉ុន្តែពួកគេមិននិយមចាកចេញពីទីក្រុងទៅរស់នៅខេត្តឡើយ។
ហេតុនេះ តំបន់ភាគខាងកើតរាជធានីភ្នំពេញ ដែលតម្លៃដីនៅមូលដ្ឋានបានកើនឡើងយ៉ាងគំហុក និងកល់តម្លៃទីផ្សាររួចទៅហើយ នឹងមានឱកាសរីកចម្រើនបន្ថែមទៀត ប្រសិនជារាជរដ្ឋាភិបាលសម្រេចផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន ដោយផ្លាស់ប្តូរទឹកដីទីក្រុងអរិយក្សត្រ មកស្ថិតក្រោមចំណុះដែនរដ្ឋបាលរាជធានីភ្នំពេញវិញ៕