ទីក្រុងឌូបៃបានវ៉ាឈ្នះដាច់ទីក្រុងហុងកុងជាទីផ្សារកំពូលរបស់ពិភពលោកសម្រាប់ផ្ទះប្រណីតថ្លៃៗបំផុត

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីក្រុងឌូបៃ បានវ៉ាដាច់ហុងកុងជាទីផ្សារកំពូលរបស់ពិភពលោក សម្រាប់ផ្ទះប្រណីតបំផុតនៅក្នុងត្រីមាសទី១ ខណៈអ្នកមានទ្រព្យស្តុកស្តម្ភជាច្រើន បានសម្រុកហូរចូលប្រទេសអារ៉ាប់រួម។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុន Knight Frank ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ។

ទីក្រុងធំបំផុតរបស់ប្រទេសអារ៉ាប់រួមនេះ បានកត់ត្រាប្រតិបត្តិការចំនួន៨៨ តម្លៃសរុបចំនួន១,៦៦ពាន់លានដុល្លារ សម្រាប់ផ្ទះដែលមានតម្លៃជាង១០លានដុល្លារអាមេរិក ក្នុងរយៈពេល៣ខែដំបូងនៃឆ្នាំនេះ។

ខណៈទីក្រុងហុងកុង​ តាម​ពីក្រោយ​ដោយ​កិច្ចព្រមព្រៀង​ចំនួន៦៧ ដែល​មាន​តម្លៃសរុប៩៨៨លាន​ដុល្លារ​ និងតាម​ពីក្រោយ​ទៀតដោយ​ទីក្រុង​ញូវយ៉ក​ លើ​ប្រតិបត្តិការ​ចំនួន៥៨ ដែល​មាន​ទំហំទឹកប្រាក់​សរុប៩៤២លាន​ដុល្លារ។

ចំណែក ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលជាកន្លែងពេញនិយមបំផុត អស់រយៈកាលជាច្រើនឆ្នាំមកហើយនោះ បានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៤ មកឈរនៅលេខ៦ ជាមួយនឹងប្រតិបត្តិការចំនួន៣៦។

ទីក្រុងឌូបៃបានក្លាយទៅជាគោលដៅ អចលនទ្រព្យដ៏ទាក់ទាញសម្រាប់អ្នកមានចាប់តាំងពីឆ្នាំ២០១៩មក។ ចំណែកនៃការលក់ផ្ទះតម្លៃ super-prime របស់ទីក្រុងនេះ នៅទូទាំងទីផ្សារចំនួន១២ ដែលតាមដានដោយក្រុមហ៊ុន Knight Frank បានកើនឡើងពី២ភាគរយក្នុងឆ្នាំ២០១៩ រហូតដល់១៧ភាគរយ ក្នុងរយៈពេល១២ខែដល់ខែមីនា ឆ្នាំនេះ។

ក្រុមហ៊ុន Knight Frank បានឱ្យដឹងនៅក្នុងរបាយការណ៍មួយផ្សេងទៀតកាលពីខែមុនថា ខណៈដែលតម្លៃផ្ទះ នៅក្នុងតំបន់លំនៅដ្ឋានថ្លៃៗរបស់ទីក្រុងឌូបៃ បានកើនឡើង៤៤,២ភាគរយ នៅក្នុងរយៈពេល១២ខែដល់ខែមីនា ប៉ុន្តែតម្លៃផ្ទះនៅក្នុងតំបន់លំនៅដ្ឋានថ្លៃៗរបស់ទីក្រុងហុងកុងបានធ្លាក់ចុះ១,៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here