ដោយៈ សុខុម
ហូជីមិញ: ក្រុងហូជីមិញ ប្រទេសវៀតណាម ពេលនេះបានក្លាយជាទីផ្សារលំនៅឋានថ្លៃបំផុតទី២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយតម្លៃផ្ទះជាមធ្យម ខ្ពស់ជាងប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំ ជាមធ្យមដល់ទៅ៣២,៥ដង។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៦ មិថុនា។
របាយការណ៍សន្ទស្សន៍លទ្ធភាពទិញផ្ទះ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៣ របស់វិទ្យាស្ថានអន្តរជាតិUrban Land Institute (ULI) បង្ហាញថា ក្រុងហូជីមិញ ជាទីផ្សារលំនៅឋានថ្លៃបំផុតទី១ នៅវៀតណាម និងថ្លៃបំផុតទី២ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងតម្លៃជាមធ្យម គឺខ្ពស់បំផុត២៩៦.០០០ដុល្លារក្នុងផ្ទះមួយ (ធៀបនឹងតម្លៃ២១៤.០០០ដុល្លារ នៅក្រុងដាណាង (Da Nang) និង១៨២.០០០ដុល្លារ នៅក្រុងហាណូយ)។ក្រុងដាណាង ប្រទេសវៀតណាម បានក្លាយជាទីផ្សារលំនៅឋានថ្លៃបំផុតទី៤ ជាមួយនឹងតម្លៃផ្ទះជាមធ្យម ខ្ពស់ជាងប្រាក់ចំណូលគ្រួសារប្រចាំឆ្នាំជាមធ្យមដល់ទៅ២៦,៧ដង។
របាយការណ៍ដដែលបង្ហាញថា ទោះបីជាក្រុងហូជីមិញ មានប្រជាជនច្រើនជាងក្រុងហាណូយ បន្តិចយ៉ាងណាក្ដី ក៏ផ្ទះថ្មីៗដែលត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ ក្នុងទីក្រុងនេះចាប់តាំងពីឆ្នាំ២០១០ មានចំនួនតិចជាង៣៥%ធៀបនឹងក្រុងហាណូយ។
បន្ថែមពីលើការផ្គត់ផ្គង់លំនៅឋានថ្មីមានកម្រិត ទំហំផ្ទះធំៗនៅក្នុងទីក្រុងហូជីមិញ ក៏បានរួមចំណែកធ្វើឱ្យតម្លៃផ្ទះជាមធ្យម នៅក្នុងទីក្រុងនេះ ហក់ឡើងខ្ពស់ជាងគេផងដែរ។ ទំហំផ្ទះជាមធ្យមនៅក្នុងទីក្រុងហូជីមិញគឺ៨៣ម៉ែត្រការ៉េ ធៀបនឹង៦៥ម៉ែត្រការ៉េ នៅក្រុងហាណូយ។
យោងតាមរបាយការណ៍ដដែលឱ្យដឹងថា អ្នកទិញផ្ទះជាច្រើននៅក្រុងហូជីមិញ គឺជាអ្នកវិនិយោគប្រថុយប្រថាន ដែលមានផ្ទះជាច្រើនយូនីតនៅក្នុងដៃ ហើយកត្តានេះបានធ្វើឱ្យតម្លៃផ្ទះ កាន់តែហក់ឡើងបន្ថែមទៀត៕ Vietnam News៕