សម្តេចតេជោបញ្ជាក់ជាថ្មីថា ក្រុងអរិយក្សត្រនិងសំពៅពូននឹងមិនកាត់ចូលរាជធានីភ្នំពេញទេ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ជាក្រុងដែលបង្កើតថ្មីសម្រាប់ខេត្តកណ្តាល មិនត្រូវកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញនោះទេ។

ថ្លែងក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “សូមបញ្ជាក់ ក្រុងអរិយក្សត្រអត់មានឱ្យភ្នំពេញទេ បង្កើតក្រុងមួយ [….] ឥលូវយើងបង្កើតក្រុង២នៅខេត្តកណ្តាល ក្រុងសំពៅពូន នៅកោះធំ និងក្រុងអរិយក្សត្រមួយ”។

រាជរដ្ឋាភិបាលបានចេញ អនុក្រឹត្យនាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដោយសម្រេចបង្កើតក្រុងថ្មីគឺ “ក្រុងអរិយក្សត្រ”  ដោយកាត់យកឃុំចំនួន៦ ពីស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ ពីស្រុកល្វាឯម ខេត្តកណ្តាល។ក្នុងនោះ ឃុំចំនួន៦ នៃស្រុកខ្សាច់កណ្តាល ដែលត្រូវកាត់ចេញទៅជាក្រុងអរិយក្សត្រគឺមាន ឃុំបាក់ដាវ ឃុំកោះឧកញ៉ាតី ឃុំព្រែកអំពិល ឃុំព្រែកលួង ឃុំព្រែកតាកូវ និងឃុំស្វាយជ្រំ។ ឃុំចំនួន៥នៃស្រុកល្វាឯម ក៏ត្រូវកាត់ទៅឱ្យក្រុងអរិយក្សត្រផងដែរ គឺឃុំអរិយក្សត្រ ឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារុង។

អនុក្រឹត្យដដែលបានបញ្ជាក់ថា ក្រុងអរិយក្សត្រ នឹងក្លាយជាក្រុងទី២នៃខេត្តកណ្តាល បន្ទាប់ពីក្រុងតាខ្មៅ។ ក្រុងអរិយក្សត្រមានសង្កាត់ចំនួន១១ គឺសង្កាត់បាក់ដាវ សង្កាត់កោះឧកញ៉ាតី សង្កាត់ព្រែកអំពិល សង្កាត់ព្រែកលួង សង្កាត់ព្រែកតាកូវ សង្កាត់ស្វាយជ្រំ សង្កាត់អរិយក្សត្រ សង្កាត់សារិកាកែវ សង្កាត់ពាមឧកញ៉ាអុង សង្កាត់ព្រែកក្មេង និងសង្កាត់បារុង។

សម្រាប់ទីតាំងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ។ ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ដូចគ្នា ដែលបានសម្រេចបង្កើតក្រុង “ក្រុងសំពៅពូន” នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ គឺឃុំឈើខ្មៅ ឃុំព្រែកជ្រៃ ឃុំព្រែកស្ដី ឃុំជ្រោយតាកែវ និងឃុំសំពៅពូន។ បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឃុំចំនួន៥នៃស្រុកកោះធំ នឹងកាត់យកដើម្បីបង្កើត “ក្រុងសំពៅពូន” ថ្មីដែលឃុំទាំង៥នោះ នឹងក្លាយជាសង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី សង្កាត់ ជ្រោយតាកែវ និងសង្កាត់សំពៅពូន ឯសម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។

ខេត្តកណ្តាលគឺមានក្រុងចំនួន៣ គឺក្រុងសំពៅពូន ក្រុងអរិយក្សត្រ និងក្រុងតាខ្មៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here