[:km]ដោយវុត្ថា
ភ្នំពេញ៖ រាជរដ្ឋាភិបាលបានសម្រេចលើកទឹកចិត្តផ្នែកពន្ធដារ ក្នុងវិស័យមូលបត្រចំពោះក្រុមហ៊ុន ដែលមានបំណងបោះផ្សាយលក់មូលបត្រ (ភាគហ៊ុន ឬបណ្ណបំណុល) ទាំងវិនិយោគិនជាតិ និងវិនិយោគអន្តរជាតិក្នុងវិស័យនេះផងដែរ។
យោងតាមអនុក្រិតលេខ០១ អនក្រ បក ដែលចុះហត្ថលេខាដោយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា សម្រាប់ក្រុមហ៊ុន ឬសហគ្រាសបោះផ្សាយភាគហ៊ុន ឬបណ្ណបំណុលលើកដំបូងជាសាធារណៈ ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា ត្រូវទទួលបានការអនុគ្រោះបំណុលពន្ធ ដែលរួមបញ្ចូលពន្ធលើប្រាក់ចំណូលទាំងស្រុង ពន្ធកាត់ទុក អាករលើតម្លៃបន្ថែម អាករពិសេសលើទំនិញ និងសេវាមួយចំនួន អាករស្នាក់នៅ អាករបំភ្លឺសាធារណៈ ដោយការអនុគ្រោះបំណុលពន្ធទាំងស្រុងនោះ គឺគិតចាប់ពីកាលបរិច្ឆេទ N-3 ដល់ N-10 សម្រាប់ក្រុមហ៊ុនឬសហគ្រាស ដែលបានបំពេញលក្ខខណ្ឌក្នុងការចុះបញ្ជីនៅទីផ្សារគោល និងគិតចាប់ពីកាលបរិច្ឆេទ N-2 ដល់ N-10 សម្រាប់សហគ្រាសធនតូច និងមធ្យមដែលបានបំពេញលក្ខខណ្ឌ ក្នុងការចុះបញ្ជីនៅទីផ្សារកំណើន។
បន្ថែមពីនេះ ពន្ធលើប្រាក់ចំណូលដែលក្រុមហ៊ុន ឬសហគ្រាសត្រូវបង់ទៅអគ្គនាយកដ្ឋានពន្ធដារ នឹងត្រូវកាត់បន្ថយ ៥០ភាគរយនៃពន្ធដែលត្រូវបង់នោះ ។ ជាពិសេសដើម្បីអាចបោះផ្សាយមូលបត្របាន ក្រុមហ៊ុនមិនតម្រូវឱ្យមានការធ្វើសវនកម្មពេញលេញជាមុនពីអគ្គនាយកដ្ឋានពន្ធដារនោះទេ ដោយគ្រាន់តែផ្តល់ជូនគណៈកម្មការមូលបត្រកម្ពុជា នូវវិញ្ញាបនបត្របញ្ជាក់កាតព្ធកិច្ចពន្ធ ចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដែលជាលិខិតសម្រាប់បញ្ជាក់ពីការប្រកាសពន្ធជាប្រចាំដោយមិនទាន់រងការធ្វើសវនកម្មពីអគ្គនាយកដ្ឋានពន្ធដារ។
អនុក្រិតដដែលបានឲ្យដឹងទៀតថា ការលុបបំណុលពន្ធ និងបន្ថយពន្ធលើប្រាក់ចំណូលចំនួន៥០ភាគរយពន្ធលើប្រាក់ចំណូល គឺធ្វើឡើងសម្រាប់លើកទឹកចិត្តក្រុមហ៊ុន ឬសហគ្រាស ដែលបោះផ្សាយមូលបត្រកម្មសិទ្ធ និង/ឬ មូលបត្របំណុលលើកដំបូងជាសាធារណៈ ដែលទទួលបានការអនុញ្ញាតពីគណៈកម្មការមូលបត្រកម្ពុជា និងបានចុះបញ្ជីនៅទីផ្សារមូលបត្រកម្ពុជា ក្នុងរយៈពេល ៣ឆ្នាំ ដោយគិតចាប់ពីថ្ងៃដែលអនុក្រិត្យនេះចូលជាធរមាន។
ការលើកទឹកចិត្តពន្ធដារខាងនេះ គឺយោងទៅតាមអនុក្រិត្យ ដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពី ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ កាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ ២០១៩។
ដើម្បីជ្រាបកាន់តែច្បាស់ សូមអានអនុក្រិត្យទាំងស្រុង និងចូលរួមសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យស្តីពី “ការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដែលរៀបចំដោយគណៈកម្មការមូលបត្រកម្ពុជា នៅថ្ងៃអង្គារទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ចាប់ពីម៉ោង ០៨:០០ព្រឹកតទៅ៕
[:]