វិភាគៈតើភាគខាងលិចក្រុងភ្នំពេញនឹងវិវត្តន៍បែបណា?

0

ដោយៈ វិភាគដោយលោកយិន លាងគង់

        ភ្នំពេញៈ តំបន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ បាននិងកំពុងរីកចម្រើន ផ្នែកនគរូបនីយកម្មយ៉ាងលឿនស្លេវ ជាមួយកំណើនប្រជាសាស្រ្ត សេដ្ឋកិច្ច និងសង្គម។

ផ្នែកខាងលិចរាជធានី និយាយពីផ្លូវជាតិលេខ៣ ការរីកចម្រើនបាននិងកំពុងតភ្ជាប់រាជធានីភ្នំពេញ ទៅដល់ទីប្រជុំជនស្រុកត្រាំកក់ (អង្គតាសោម)បណ្តើរៗ ស្របពេលផ្លូវជាតិលេខ៤ វិស័យសំណង់ រោងចក្រ សហគ្រាស មជ្ឈមណ្ឌលពាណិជ្ជក​ម្ម បាននិងកំពុងតភ្ជាប់ជាមួយខេត្តកំពង់ស្ពឺ ខណៈផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ៥១បាននិងកំពុងទទូលផល ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានជម្រុញឲ្យរោងចក្រ សហគ្រាស រើចេញពីកណ្តាលរាជធានី ហើយទៅបោះទីតាំងនៅលើផ្លូវរណបទាំងពីរនេះ។
តើភាគខាងលិចនឹងរីកចម្រើនដូចម្តេចក្នុងទម្រង់បែបណា?
នៅពេលលើកឡើងសំណួរនេះ យើងត្រូវសិក្សាលើកត្តាសេដ្ឋកិច្ច និងប្រជាសាស្រ្តក្នុងតំបន់ ដែលការពិតកាលពី១០ឆ្នាំមុន ចេញពីចោមចៅ ឆ្ពោះទៅកាន់ទឹកដី ខេត្តកំពត ភាគច្រើនដីនៅតំបន់នេះជាវាលស្រែ និងបឹងតូចធំ។ មូលដ្ឋានសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ គឺពឹងផ្អែកលើវិស័យកសិកម្មជា​ចម្បង ប៉ុន្តែបច្ចុប្បន្នពួកគេបានបោះបង់ការធ្វើស្រែខ្លះ និងបានប្តូររបរពីធ្វើស្រែ មកលក់ដូរនៅតាមមុខរោង​ចក្រ សហគ្រាសនានា និងប្រកបរបរបន្ទាប់បន្សំមួយចំនួន។

មូលដ្ឋានសេដ្ឋកិច្ចគ្រួសារ នឹងឆ្លុះបញ្ចាំងពីមូលដ្ឋាន និងអំណាចនៃការទិញរបស់ពួកគេ ហេតុនេះអ្នកវិនិយោគធំៗក៏វិភាគច្រើន មុនសម្រេចចិត្តវិនិយោគ លើមជ្ឈមណ្ឌលពាណិជ្ជកម្ម ឬផ្សារទំនើបធំៗផងដែរ ព្រោះអ្នកវិនិយោគពួកគេសម្លឹងមើល អំណាចនៃការទិញជាមុន មុនសម្រេចចិត្តបោះទុន។

ដូចគ្នានេះ ផ្សារទំនើបAEON Mall មុនពួកគេសាងសង់និងបើកដំណើរការផ្សារនេះនៅឆ្នាំ២០១៥ ពួកគេបានសិក្សាពីប្រាក់ចំណូល​ពីសេដ្ឋកិច្ច ពីស្ថេរភាពនយោបាយ និងមូលដ្ឋានសន្តិភាពយ៉ាងយូរមុនពួកគេសាងសង់ និងបើកដំណើរការផ្សារទី១ របស់ពួកគេនៅឆ្នាំ២០១៥។ផ្លូវជាតិលេខ៤
តំបន់ស្ថិតនៅស្របតាមផ្លូវជាតិលេខ៤ ក៏មានសភាពស្រដៀងគ្នានឹងផ្លូវជាតិលេខ៣ ដែលអ្នកវិនិយោគលំនៅដ្ឋាន សាងសង់ផ្សារ បានផ្តោតលើអ្នកមានចំណូលមធ្យមចុះ ជាជាងផ្តោតលើលំនៅដ្ឋានលំដាប់អភិជន។

ប៉ុន្តែការមានផ្លូវខេត្តរណបចំនួនពីរ គឺផ្លូ​វលេខ៤១ និងផ្លូវលេខ៥១ បានជួយឲ្យសកម្មភាពសេដ្ឋកិច្ច និងឧស្សាហកម្មនៅតាមបណ្តោ​យផ្លូវជាតិលេខ៤ មានសភាពរសរវើកជាង ហើយបុរីធំៗមួយចំនួនបានបោះទុនវិនិយោគនៅលើផ្លូវនេះ ប៉ុន្តែគំរោងធំមួយរបស់ចិន ដែលវិនិយោគនៅតំបន់នេះ ក៏បានពន្យាពេលផងដែរ។

ក្រៅពីកត្តាសុខសន្តិភាព ការរីកចម្រើនសេដ្ឋកិច្ច និងមូលដ្ឋានសេដ្ឋកិច្ចនៅក្នុងតំបន់ ដែលនាំឲ្យមានការរីកចម្រើន របស់តំបន់ណាមួយ នឹងពឹងផ្អែកសំខាន់លើសេដ្ឋកិច្ចមូលដ្ឋាន និងអំណាចនៃការទិញក្នុងតំបន់ ដែលអ្នកវិនិយោគ និងអ្នកអភិវឌ្ឈន៍ឆ្លាតវៃ ពួកគេតែងតែសម្លឹងមើលចំណុចនេះមុនគេ មុនពួកគេសម្រេចចិត្តបោះទុន រាប់លានដុល្លារនៅតំបន់នោះ។

តើរយៈពេល៥ឆ្នាំខាងមុខតំបន់ភាគខាងលិចនឹងវិវត្តន៍បែបណា?
ប្រសិនជាស្ថានភាពសេដ្ឋកិច្ចពិភពលោក មានភាពប្រសើរឡើង ការប្រែប្រួលភូមិសាស្រ្ត នយោបាយក្នុងតំបន់ អាចទស្សន៍ទាយបាន មហាអំណាចធំៗ មានភាពស្រុះស្រួលគ្នា ដើម្បីរុញសេដ្ឋកិច្ចពិភពលោកឆ្ពោះទៅរកវិបុលភាព សម្រាប់មនុស្សជាតិ តំបន់ស្ថិតនៅលើផ្លូវជាតិសំខាន់ៗទាំងពីរ និងផ្លូវរណបទាំងពីរ(ផ្លូវលេខ៤១ និងផ្លូវលេខ៥១) នឹងទាក់ទាញការវិនិយោគពីរោងចក្រ សហគ្រាសកាន់តែច្រើន អំណាចនៃការទិញកើនឡើង ដោយសារប្រាក់ចំណូលរបស់កម្មករ កម្មការិនីកើនឡើង។

ទោះជាយ៉ាងណារយៈពេល៥ ទៅ១០ឆ្នាំខាងមុខ តំបន់នេះនឹងមិនមានករប្រែប្រួលច្រើននៅឡើយទេ ដោយសារប្រជាពលរដ្ឋក្នុងតំបន់ មិនទាន់សម្រេចចិត្តរស់នៅតាមខុនដូនៅឡើយ ព្រោះដីវាលស្រែនៅមានសភាពល្វឹងល្វើយ និងសម្លេងកង្កែប ហ៊ីង ចង្រិតយំនៅកំដររាត្រីកាលដដែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here