ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមអ្នកជំនាញអចលនទ្រព្យបានឱ្យដឹងថា អត្រាការិយាល័យទំនេរកម្រិតA (Grade A Office) របស់ទីក្រុងហូជីមិញ នឹងកើនឡើងរហូតដល់២៩ភាគរយ។
តម្លៃជួលការិយាល័យលំដាប់A ប្រចាំខែជាមធ្យមនឹងធ្លាក់ចុះមកត្រឹម៥៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េពី៥៧ដុល្លារ ស្របពេលដែលការផ្គត់ផ្គង់កើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់ Thu Thiem ក្នុងត្រីមាសទី៣ និងតំបន់ពាណិជ្ជកម្មកណ្តាលក្នុងត្រីមាសទី៤។
លោក Nhung Vu នាយករងនៃសេវាកម្មការិយាល័យនៅក្រុមហ៊ុនប្រឹក្សា Colliers Vietnam បានលើកឡើងថា អគារការិយាល័យថ្មីៗរួមមាន The Hallmark The Mett និង The Nexus ដែលអគារទាំងនេះ នឹងត្រូវបានកាន់កាប់ចន្លោះពី១៥% ទៅ២៥% ភ្លាមៗនៅពេលបើកដំណើរការ។
ចំណែក លោក Leo Nguyen នាយកផ្នែក occupier strategy & solutions ប្រចាំនៅក្រុមហ៊ុន Knight Frank Vietnam បានព្យាករណ៍ថា ការផ្គត់ផ្គង់ថ្មីៗនឹងទាញការជួលនៅអគារ ដែលមានស្រាប់ឱ្យធ្លាក់ចុះប្រហែល២០% ។
យោងតាមការស្ទង់មតិថ្មីៗនេះ ដោយក្រុមហ៊ុន Cushman & Wakefield ទៅលើអគារលំដាប់A បានរកឃើញថា ការជួលជាមធ្យមបានកើនឡើងបន្តិចបន្តួចប៉ុណ្ណោះ ចាប់តាំងពីចុងឆ្នាំមុន។ ក្រុមហ៊ុន Knight Frank Vietnam បានសម្តែងក្តីសុទិដ្ឋិនិយម ថា តម្លៃជួលការិយាល័យកម្រិតB ដែលបច្ចុប្បន្នមានតម្លៃ៣៤,១ដុល្លារនឹងធ្លាក់ចុះ មកត្រឹម២៨,៥ដុល្លារនៅចុងឆ្នាំនេះ ហើយអត្រាទំនេរនឹងកើនឡើងដល់១៤% ពី១២,៣%នាពេលបច្ចុប្បន្ន។
យោងតាមចុះផ្សាយរបស់កាសែត VN Express បានឱ្យដឹងថា ក្រុមអ្នកជួលភាគច្រើន នៅក្នុងអគារការិយាល័យថ្លៃៗ គឺស្ថិតនៅក្នុងការងារផ្នែកហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រង (៤៨%) ផ្នែកឱសថ (១៩%) និងផ្នែកបច្ចេកវិទ្យា (៥%)៕