ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុនវិនិយោគCapital Investment នៃប្រទេសសឹង្ហបុរី បានជួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជា ដោយផ្តោតកិច្ចពិភាក្សាស្ដីពីការកៀរគរវិនិយោគគិនបរទេស មកធ្វើពាណិជ្ជកម្មនៅកម្ពុជា។
ព៌តមាននេះ ត្រូវបានលើកឡើងក្នុងជំនួបរវាងព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រីទទួលភារ:កិច្ច ជួយដល់កិច្ចការវិនិយោគបរទេស ទំនាក់ទំនងអន្តរជាតិ និងកំណែទម្រង់អភិបាលកិច្ច។
លោកព្រាប កុល បានជួបជាមួយប្រតិភូនៃក្រុមហ៊ុនវិនិយោគ Capital Investment ដែលរួមមាន ក្រុមហ៊ុន PIF Capital តំណាងដោយលោក Jonathan Por ក្រុមហ៊ុន Antz Capital តំណាងដោយ លោកស្រី Grace Lim និងក្រុមហ៊ុន Growth Partners Asia តំណាងដោយ លោក MoZidan ដើម្បីទទួលស្វាគមន៍ សម្ដែងការគួរសម សំណេះសំណាល និងចែករំលែកព័ត៌មាន អំពីគោលនយោបាយពាណិជ្ចកម្ម និងការវិនិយោគនៅកម្ពុជា។លោកព្រាប កុល បានបង្ហាញពីគោលជំហរ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងការការពារដល់ការវិនិយោគ ផ្ទាល់របស់បរទេសនៅក្នុងប្រទេសកម្ពុជា។
លោកJonathan Por បានជម្រាបជូន អំពីគម្រោងវិនិយោគដែលនឹងជួយដល់សហគ្រាសហធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីទទួលបាននូវមូលនិធិវិនិយោគ ពីក្រៅប្រទេស និងដើម្បីអាចចុះបញ្ជីឡើង ទីផ្សារមូលប័ត្រនៅក្នុងនិងក្រៅប្រទេស។ តាមរយៈការវិនិយោគនេះ ក៏មានភ្ជាប់ជាមួយនូវគម្រោងសប្បុរសធម៌ ដើម្បីលើកកម្ពស់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ:ផងដែរ។
លោកព្រាប កុល សន្យាជួយគាំទ្រអោយមានយន្តការ វាយតម្លៃនិងពង្រឹងសមត្ថភាពសហគ្រាសកម្ពុជា ដើម្បីបំពេញលក្ខខណ្ឌ និងតម្រូវការរបស់ដៃគូវិនិយោគបរទេស។
លោកបានជម្រាបជូនប្រតិភូទាំងអស់ថា រាល់ការវិនិយោគ និងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ត្រូវរៀបចំទៅតាមនីតិវិធីឲ្យបានត្រឹមត្រូវ ពោល គឺត្រូវឆ្លងកាត់ក្រុមប្រឹក្សាដើម្បីអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដើម្បីឲ្យកិច្ចការវិនិយោគ និងកិច្ចការពាណិជ្ជកម្មទាំងនោះទទួលបានការការពារស្របច្បាប់៕