ដោយ យិន លាងគង់ អគ្គនាយកនៃ Propertyarea.asia
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នៅប្រទេសវៀតណាមលើកទី២ ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ដល់២៨កុម្ភៈខាងមុខនេះ នឹងសម្រេចបានលទ្ឋផលអ្វីខ្លះ ខណៈអរិភាពរវាងប្រទេសទាំងពីរត្រូវបានកាត់បន្ថយ។
លទ្ឋផលនៃជំនួបកំពូលលើកទី១កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ បានកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរ និងជាមួយបណ្តាប្រទេសជាសម្ព័ន្ឋមិត្តអាមេរិក ប៉ុន្តែការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ស្ថិតក្នុងភាពខ្វែងគំនិតគ្នានៅឡើយរវាងអាមេរិក និងកូរ៉េខាងជើង ដោយសារតែភាពខុសគ្នានៃភាសាបច្ចេកទេស រវាងការរំលាយកម្មវិធីនុយក្លេអ៊ែរ ឬរំលាយអាវុធមហាប្រល័យទាំងស្រុងចេញពីកូរ៉េខាងជើង។
ភាពជាសម្ព័ន្ឋមិត្ត
សម្ព័ន្ឋមិត្តរវាងកូរ៉េខាងជើង និងចិនមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ ដោយសារហេតុផលជាច្រើន ទី១ ចិន និងកូរ៉េខាងជើងជាសម្ព័ន្ឋមិត្ត និងជាកល្យាណមិត្តដែលចិនតែងតែនៅពីក្រោយកូរ៉េខាងជើង ក្នុងឆាកនយោបាយអន្តរជាតិ ពាណិជ្ជកម្ម និងជំនួយមនុស្សធ៌ម។ ទី២ ចិននឹងមិនអនុញ្ញាត្តឲ្យកូរ៉េខាងជើង ក្លាយជាប្លុកសេរីមួយឡើយ ព្រោះបើកូរ៉េខាងជើងក្លាយជាប្រទេសេរី ចិននឹងមានការរង្គៀសចិត្ត និងរសើបគូទ ទី៣ យុទ្ឋសាស្រ្តដូណាល់ត្រាំ ដើម្បីទាញកូរ៉េខាងជើងចេញពីប្លុកកុំម៉ុយនីស្ត មិនមែនជារឿងដែលចិនមិនដឹងនោះឡើយ ទី៤ កូរ៉េខាងជើងខ្លួនឯងនឹងមិនបើកចំហខ្លាំងនោះទេ ព្រោះបើកូរ៉េខាងជើងបើកចំហខ្លាំង និងដើរចេញពីប្លុកកុំម៉ុយនីស មិនខុសពីការធ្វើអត្តឃាតខ្លួនឯងនោះទេ។
ហេតុនេះព្រះអាទិត្ររះលើទឹកដីកូរ៉េខាងជើង មិនមែនជាព្រះអាទិត្យថ្មីដែលអាចបង្កើតឡើងដោយសប្បនិម្មិតរបស់អាមេរិកនោះទេ តែជាព្រះអាទិត្យដដែលគ្រាន់តែដែលមានពន្លឺភ្លឺជាងមុន បន្ទាប់ពីពពកបាំងអស់រយៈកាលជាច្រើនទសវត្សរ៍ប៉ុណ្ណោះ។
លោកគីម ជុងអ៊ុនចាប់ផ្តើមក្រសោបយកសេដ្ឋកិច្ច
ពិតណាស់កូរ៉េខាងជើងកំពុងទទួលបានផលចំណេញ ពីជំនួបលើកទី១រវាងដូណាល់ត្រាំ និងគីម ឬបុរសរ៉ូកែត ដោយចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ បានទៅទស្សនាប្រទេសកូរ៉េខាងជើងច្រើនជាងមុន ភាពធូរស្រាលនៃទំនាក់ទំនងបងប្អូនទាំងពីរ(កូរ៉េខាងជើង និងខាងត្បូង)ត្រូវបានធូរស្រាល ដែលនាំមកនូវវិបុលភាពនៃប្រជាជាតិដ៏ឯកោនេះនាពេលអនាគត។
បន្ទាប់ពីជំនួបលើកទី១ តំបន់សេដ្ឋកិច្ចពិសេសកៃសុង ត្រូវបានបើកទ្វារឡើងវិញ ហើយរំណីយដ្ឋានភ្នំពេជ្រ (Diamond Island ) ដែលស្ថិតនៅជាប់ព្រំដែនប្រទេសទាំងពីរបានបើកទ្វារ ដើម្បីស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិ ពិសេសភ្ញៀវទេសចរណ៍កូរ៉េខាងត្បូងផងដែរ ដែលអ្នកវិភាគបានហៅការបើកចំហនេះ ”ជាការដកទ័ណ្ឌកម្មដោយប្រយោលពីសហរដ្ឋអាមេរិក”ចំពោះកូរ៉េខាងជើង ដោយឲ្យកូរ៉េខាងត្បូងដើរតួជំនួសខ្លួន។
គីម ជុងអ៊ុន ដែលធ្លាប់សិក្សានៅប្រទេសស្វីស ពិតជាទទួលមនោគមវិជ្ជាសេរីក្នុងសន្តានចិត្តរបស់ខ្លួន ហេតុនេះការផ្តើមជំនួបជាមួយដូណាល់ត្រាំជាលើកទី១ ក៏ដូចជាលើកទី២ មិនមែនជាសន្តានចិត្តឬវត្ថុបំណងពីសម្ព័ន្ឋមិត្តរបស់ខ្លួនទេ តែជាការដកខ្លួនបណ្តើរៗចេញពីសម្ព័ន្ឋមិត្ត ដើម្បីស្វែងរកស្វ័យភាពខ្លួនឯងផង និងបញ្ចប់ការអត់ឃ្លាននិងភាពក្រីក្រនៃប្រជាជាតិរបស់ខ្លួនផង។
ជំហររបស់មហាយក្សចិន
ការជ្រើសរើសទីក្រុងណាមួយរបស់វៀតណាម ដើម្បីរៀបចំជំនួបកំពូលនៃមេដឹកនាំអាមេរិក និងគីម ជុងអ៊ុន តិចឬច្រើនមហាយក្សចិនមិនសប្បាយចិត្តនោះឡើយ តែចិន ដែលតែងតែនៅពីក្រោយកូរ៉េខាងជើង ត្រូវតែសម្តែងដើម្បីឲ្យអន្តរជាតិមើលឃើញថា ជាមនុស្សមានចិត្តទូលាយ និងគាំទ្រដល់ដំណើរការសន្តិភាព និងសណ្តាប់ធ្នាប់ពិភពលោក។
ជាមួយនឹងការបើកទូលាយរបស់កូរ៉េខាងជើងកាន់តែខ្លាំង ចិនក៏នឹងបើកកញ្ចប់លុយរបស់ខ្លួនកាន់តែច្រើនដើម្បីផ្តល់ជំនួយ ក៏ដូចជាបង្កើនការវិនិយោគនៅកូរ៉េខាងជើងផងដែរ ហេតុនេះអ្នកកាច់ចង្កូចប្រទេស ទៅកាន់គោលដៅណាពិតប្រាកដនាពេលនេះគឺគីម និងថាតើគីមមានភាពឆ្លាតវៃទាញ យកផលប្រយោជន៍សំរាប់ជាតិសាសន៍ខ្លួនបានកម្រិតណា វាអាស្រ័យលើភាពឆ្លាតវៃ និងការថ្លឹងថ្លែងរបស់ខ្លួន។
ក្នុងជំនួបដ៏តានតឹង ដើម្បីដោះស្រាយសង្រ្គាមពាណិជ្ជកម្មរវាងចិន អាមេរិក បានក្លាយជារឿងឈឺក្បាលមួយសំរាប់មេដឹកនាំចិនរួចទៅហើយ ខណៈប្រធានាធិបតីដូណាល់ ជេ ត្រាំគ្រោងបង្កើនពន្ឋគយលើទំនិញចិន២០០ពាន់លានដុល្លារបន្ថែមទៀត និងគំរាមបង្កើនពន្ឋគយលើទំនិញដែលនៅសេសសល់របស់ចិន ដែលនាំចូលសហរដ្ឋអាមេរិកនាពេលខាងមុខបន្ថែមទៀត។
ហេតុនេះ ចិននឹងមិនបណ្តោយឲ្យបាត់បង់សម្ព័ន្ឋមិត្តរបស់ខ្លួននោះទេ ព្រោះបើចិន ធ្វើព្រងើយកន្តើយលើរឿងនេះ វានឹងហុចផលអាក្រក់ជាច្រើន ទី១ ស្មើនឹងឲ្យអាមេរិកសំពងក្បាលរបស់ខ្លួន ទី២ នឹងធ្វើឲ្យប្លុកកុំម្មុយនីសចុះខ្សោយ និងធ្វើឲ្យផ្ទះរបស់ខ្លួនត្រូវបានសត្រូវចូលមកយាយី ទី៣ ចិននឹងបាត់បង់ឥទ្ឋិពលក្នុងតំបន់ និងធ្វើឲ្យគេមើលឃើញថាចិនធ្លាក់ក្នុងភាពថយក្រោយនៃនយោបាយការបរទេសរបស់ខ្លួន។
ដូណាល់ត្រាំ
ប្រធានាធិបតីអាមេរិករូបនេះបាននិយាយយ៉ាងច្បាស់ហើយថា “ប្រសិនបើរូបខ្ញុំមិនត្រូវបានជាប់ឆ្នោតឲ្យឡើងធ្វើជាប្រធានាធិបតីទេនោះ យើង(អាមេរិក និងកូរ៉េខាងជើង)ប្រាកដជាស្ថិតក្នុងសង្រ្គាមដ៏ធំសម្បើមមួយហើយនាពេលនេះ”។
សារនេះបានបញ្ជាក់រួចហើយថា សហរដ្ឋអាមេរិកមិនចង់មានសង្រ្គាមជាមួយកូរ៉េខាងជើងនោះទេ ទោះជាអាមេរិកមានអានុភាពខ្លាំងលើអាវុធមហាប្រល័យក្តី ក៏អាមេរិកមិនបានមើលស្រាលសម្ថភាពរបស់កូរ៉េខាងជើងដែរ ហើយអ្វីកាន់តែគួរឲ្យយកចិត្តទុកដាក់នោះ គឺការការពារសម្ព័ន្ឋមិត្តរបស់ខ្លួនគឺប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលមេដឹកនាំប្រទេសទាំងពីរនេះតែងតែដេកមិនលក់ ឬភ្ញាក់ទាំងកណ្តាលអាធ្រាត នៅពេលកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរម្តងៗ។
ដូណាល់ ត្រាំមិនត្រឹមតែចង់កាត់បន្ថយឥទ្ឋិពលចិន នៅឧបទ្វីបកូរ៉េនោះទេ តែក៏ដើម្បីចំណេញសេដ្ឋកិច្ចរបស់ខ្លួនដែរ ប៉ុន្តែបុរសនេះមិនមានដៃទូលាយនោះទេ សំរាប់បណ្តាប្រទេសនានា ដោយសារគាត់(ត្រាំ)ជាមនុស្សអញនិយម។ ហេតុនេះលទ្ឋផលនៃជំនួបនេះ បើសិនជាមានផ្លែផ្កាធំធេង វាក៏ជាកត្តាកំណត់អាណត្តិការជាប់ឆ្នោតលើកទី២ របស់ខ្លួននាពេលខាងមុខផងដែរ។
ប្រធានាធិបតីអាមេរិក ដែលជាមនុស្សគាំពារនិយម និងស្វែងរកផលប្រយោជន៍និយម នឹងមិនចំណាយប្រាក់ច្រើននោះទេ ជាក់ស្តែងបន្ទាប់ពីជំនួបលើកទី១កាលពីថ្ងៃទី១២ មិថុនា ឆ្នាំមុន គឺបានទម្លាក់ការចំណាយការទទួលខុសត្រូវ លើការរំសាយកម្មវិធីអាវុធនុយក្លេអ៊ែរ ទៅប្រទេសកូរ៉េខាងត្បូង និងជប៉ុនជាអ្នករ៉ាប់រងលើការចំណាយ។
ការរំពឹងទុកនៃលទ្ឋផលជំនួប
ច្បាស់ណាស់ជំនួបលើកទី២នាពេលខាងមុខ រវាងមេដឹកនាំទាំងពីរនឹងមានលទ្ឋផលតិចឬច្រើន ពិតជាមានសំរាប់មេដឹកនាំកូរ៉េខាងជើង ហើយកូរ៉េខាងជើងនឹងកាន់តែទទួលបានផលប្រយោជន៍កាន់តែច្រើនពីអាមេរិកផង ពីចិនផង ពីបណ្តាប្រទេសនានាផង ដែលវាជាកាលានុវត្តន៍ភាពដ៏សំខាន់ សំរាប់គីម ក្នុងការកសាងខឿនសេដ្ឋកិច្ចនិងសង្គមរបស់ខ្លួនឡើងវិញ។
ដូច្នេះការសម្រេចចិត្តរបស់លោកគីម ជុងអ៊ុនត្រូវតែធ្វើឡើងប្រកបដោយសុភវិនិច្ឆ័យនិងការទទួលខុសត្រូវមួយ ដោយត្រូវឈរលើមូលដ្ឋានសំខាន់ៗជាច្រើន ដូចជា ទី១ ដំបូងគេត្រូវគិតពីភាពកត្តញ្ញូ ព្រោះជីតា និងឳពុករបស់ខ្លួនបានកសាងប្រទេសដ៏លេចធ្លោមួយ លើឆាកអន្តរជាតិ(ទោះស្ថិតក្នុងភាពក្រីក្របន្តិចក្តី) ទី២ ត្រូវថ្លឹងថ្លែងជាមួយសម្ព័ន្ឋមិត្តរបស់ខ្លួន ដែលធ្លាប់ជួយខ្លួនក្នុងពេលកម្រត់កម្រជាច្រើនទសវត្សរ៍ ទី៣ ភាពជាបងប្អូនជាមួយកូរ៉េខាងត្បូង ក៏ជារឿងរសើបមួយរបស់លោកគីមផងដែរ ដែលត្រូវវិភាគពិចារណាលើគ្រប់ជ្រុងជ្រោយ និងទី៤ ភាពជាអ្នកជិតខាងរវាងកូរ៉េខាងជើង រុស្ស៊ី និងបណ្តាប្រទេសសម្ព័ន្ឋមិត្តជាមួយខ្លួន និងជាសត្រូវរួមជាមួយអាមេរិកកាលពីអតីតកាល និងបច្ចុប្បន្នផងដែរ។
សរុបមកវិញ លទ្ឋផលជំនួបលើកទី២របស់គីម និងដូណាល់ត្រាំ នឹងមិនមានលទ្ឋផលជាដុំកំភួននោះទេ ហើយការរំសាយអាវុធនុយក្លេអ៊ែរនឹងមិនកើតមានឡើយ។ អ្នកចំណេញពីជំនួបនេះគឺបានមកលើគីម ជុងអ៊ុនច្រើនជាងត្រាំ ព្រោះមរតកប្រវត្តិសាស្រ្តភូមិសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ និងភាពជាសម្ព័ន្ឋមិត្តជាមួយចិន នឹងជះឥទ្ឋិពលដល់ការមសម្រេចចិត្តរបស់គីម៕