ដោយ វុត្ថា
ភ្នំពេញ៖ រាជារដ្ឋាភិបាលប្រទេសកម្ពុជា បាននឹងកំពុងពន្លឿននៃការរៀបចំច្បាប់របបសន្តិសុខសង្គម ដែលឲ្យបុគ្គលិកធ្វើការនៅក្នុងវិស័យឯកជន និងមន្រ្តីរាជការមានប្រាក់សោធននិវត្តន៍ដូចគ្នា។
លោក ស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៃក្រុមប្រឹក្សាជាតិគាំពារសង្គម នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងមកបានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៩ទៅ វិស័យឯកជននឹងមានរបបសោធននិវត្តន៍ដូចមន្រ្តីរាជការដែរ ដោយបច្ចុប្បន្នក្រុមការងារអន្តរក្រសួងមួយ ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយក្រសួងផ្សេងៗទៀត បានរួមគ្នារៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គម។ សេចក្តីព្រាងច្បាប់នេះ មានជំពូកមួយនិយាយពីរបបសោធននិវត្តន៍។
លោកស្រីបន្តថា នៅក្នុងរបបសោធននិវត្តន៍នៃច្បាប់ថ្មីនេះ នឹងបញ្ចូលការដាក់ឲ្យអនុវត្តនូវន៍របបសោធននិវត្តន៍សម្រាប់វិស័យឯកជន និងការធ្វើកំណែទម្រង់របបសោធននិវត្តន៍មន្រ្តីរាជការដែលមានស្រាប់។ សេចក្តីព្រាងច្បាប់ថ្មីបានកំណត់ថា បុគ្គលិកឯកជនដែលធ្វើការក្នុងវិស័យឯកជនដែលធ្វើការបាន៣០ឆ្នាំ នឹងទទួលបានប្រាក់សោធននិវត្តន៍ប្រមាណ ៦០ ភាគរយ នៃប្រាក់បៀវត្សរ៍សរុប ដែលខុសពីបច្ចុប្បន្នមន្រ្តីរាជការ ចូលនិវត្តន៍ទទួលបានប្រាក់សោធននិវត្តន៍៨០ភាគរយនៃប្រាក់បៀវត្សរ៍មូលដ្ឋាន។
លោកឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានសម្តែងការឯកភាពចំពោះគោលបំណងដែលចង់អោយមានគោលការណ៍រួមគ្នា រវាងស្ថប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ ឬជាមួយវិស័យឯកជននៅលើចំនុចខ្លះនោះ។ លោកបានបញ្ជាក់ថា កន្លងមកមានច្បាប់មួយចំនួនហើយ ដែលស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ឬវិស័យឯកជន បានអនុវត្តរួមគ្នាដូចជាច្បាប់ពន្ធដារ ច្បាប់ប្រព័ន្ធហិរញ្ញវត្ថុ ច្បាប់លទ្ធកម្ម ដូចេ្នះច្បាប់របបសន្តិសុខសង្គមក៏អាចអនុវត្តបានទាំងអស់គ្នាដែរ។
អគ្គលេខាធិការរដ្ឋសភារូបនេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ដំឡើងប្រាក់បៀវត្សរ៍ និងការទទួលបានអត្ថប្រយោជន៍នានាជូនមន្រ្តីរាជការ កម្មករ និយោជិក ដែលធ្វើឲ្យជីវភាពពលរដ្ឋកាន់តែល្អប្រសើរឡើង។
ទាក់ទងសេចក្តីព្រាងច្បាប់ថ្មីនេះ លោកបានស្នើដល់នាយកដ្ឋានពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការសិក្សាឲ្យបានលម្អិតបន្ថែមទៀត៕