ដោយៈ តែម សុខុម
រីយ៉ាដៈ គម្រោងទីក្រុងឆ្លាតវៃនាពេលអនាគតNEOM នៃប្រទេសអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀង លើការវិនិយោគរួមគ្នាមួយផ្នែកភ័ស្ដុភារកម្ម ដែលមានតម្លៃ១០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនដាណឺម៉ាកDSV ដើម្បីគាំទ្រដល់ប្រតិបត្តិការខ្សែសង្វាក់ផ្គត់ផ្គង់។ការចាប់ដៃគូសហការគ្នានេះ នឹងផ្ដោតជាសំខាន់លើការផ្ដល់សេវាកម្មភ័ស្តុភារកម្ម សម្រាប់គម្រោងទីក្រុងឆ្លាតវៃ នាថ្ងៃអនាគតតម្លៃ៥០០ពាន់លានដុល្លារ NEOM នៅប៉ុន្មានឆ្នាំខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៤ ខែតុលា។
ទន្ទឹមនេះ ការវិនិយោគរួមគ្នានេះ ក៏មានគោលដៅជំរុញកំណើនសេដ្ឋកិច្ច នៃប្រទេសអារ៉ាប៊ីសាអូឌីត ធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតឱកាសការងារជាង២០.០០០កន្លែងផងដែរ។
ក្រោមកិច្ចព្រមព្រៀង ការចាប់ដៃគូសហការគ្នានេះ ក៏នឹងមានការបោះទុនវិនិយោគ លើទ្រព្យសកម្មផ្នែកភ័ស្ដុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនទំនិញ និងវត្ថុធាតុដើមនៅក្នុងទីក្រុងនៅថ្ងៃអនាគតនេះផងដែរ។
យោងតាមសេចក្ដីថ្លែងការណ៍រួម របស់ក្រុមហ៊ុនឱ្យដឹងថា គម្រោងទីក្រុងឆ្លាតវៃ នាពេលអនាគត NEOM នឹងកាន់កាប់ភាគហ៊ុន៥១នៃការវិនិយោគរួមគ្នានេះ ខណៈក្រុមហ៊ុនដាណឺម៉ាក DSV កាន់កាប់ភាគហ៊ុន៤៩%៕ Arab News៕