ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានថ្លែងថា ប្រទេសចិនមានឆន្ទៈ ក្នុងការសហការគ្នាជាមួយសហរដ្ឋអាមេរិក ខណៈដែលភាគីទាំង២ គ្រប់គ្រងការខ្វែងគំនិតគ្នារបស់ពួកគេ និងធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកល។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។
លោកស៊ី ជីនពីង បានគូសបញ្ជាក់នៅក្នុងលិខិតមួយស្តីពីទំនាក់ទំនងអាមេរិក-ចិន ដែលត្រូវបានប្រគល់ជូន ក្នុងពិធីជប់លៀងអាហារពេលល្ងាចប្រចាំឆ្នាំ របស់គណៈកម្មាធិការជាតិ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កថា “ប្រសិនបើសហរដ្ឋអាមេរិក និងចិនអាចបង្កើតវិធីត្រឹមត្រូវ នៃការចុះសម្រុងគ្នាបាន នោះវានឹងមានសារៈសំខាន់ណាស់ចំពោះពិភពលោក”។
លោកស៊ី ជីនពីង បានអំពាវនាវឱ្យទំនាក់ទំនងទ្វេរភាគី កាន់តែមានស្ថិរភាពបន្ថែមទៀត ដែលលោកបញ្ជាក់ថា ទំនាក់ទំនងនេះគួរតែត្រូវបានស្ថាបនាឡើង ដោយឈរលើគោលការណ៍នៃ “ការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ”។ ការអំពាវនាវនេះ បានធ្វើឡើង មុនពេលរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងសប្តាហ៍នេះ។
ការបំពេញទស្សនកិច្ច ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍ សប្តាហ៍នេះ របស់ប្រមុខការទូតចិនលោកWang Yi នឹងក្លាយជាការចូលរួមដោយផ្ទាល់កម្រិតខ្ពស់បំផុត នៅមុនពេលដែលមានកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងលោកស៊ី ជីនពីង នៅទីក្រុង San Francisco ក្នុងកិច្ចប្រជុំកំពូល កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកក្នុងខែវិច្ឆិកាខាងមុខ។
ដោយឡែក អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានជួបជាមួយលោកស៊ី កាលពីថ្ងៃពុធ សប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការប្រែប្រួលអាកាសធាតុ និងបញ្ហាផ្សេងៗទៀត។
លោក Newsom បានបញ្ជាក់ថា លោកមានឱកាសផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត លើការប្រែប្រួលអាកាសធាតុ នៅក្នុងកិច្ចប្រជុំជាមួយលោកស៊ី ប៉ុន្តែលោកក៏បានពិភាក្សាគ្នាអំពីជម្លោះនៅអ៊ីស្រាអែល ក៏ដូចជាបញ្ហាគ្រឿងញៀន fentanyl ដ៏សាហាវផងដែរ។
អ្នកសង្កេតការណ៍ចិនជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Wang Yi នឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំ ដែលអាចធ្វើទៅបានរវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរ ប៉ុន្តែបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន ត្រូវតែខិតខំប្រឹងប្រែងជាក់ស្តែង ដើម្បីដោះស្រាយកង្វល់របស់ទីក្រុងប៉េកាំង និងបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន៕