ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកRCEP កើនឡើង២៣,៦ភាគរយ ក្នុងរយៈពេល៩ខែឆ្នាំនេះ

0

ដោយ: គង់ លាងហួរ

ភ្នំពេញ: យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញ មានតម្លៃ៥,៨១ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេសសមាជិកភាព ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ទំហំទឹកប្រាក់នាំចេញនេះ គិតត្រឹមរយៈពេល៩ខែ ឆ្នាំនេះ ហក់ឡើង២៣,៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍​បាន​បន្ត​ថា​ ក្នុង​អំឡុង​ខែ​មករា​រហូតដល់​ខែ​កញ្ញា​ ឆ្នាំ​នេះ គោលដៅ​នាំ​ចេញ​កំពូល​ទាំង​៣របស់​កម្ពុជា ​ក្រោម​កិច្ច​ព្រម​ព្រៀង RCEP រួមមាន ប្រទេស​វៀតណាម ប្រទេសចិន និង​ប្រទេសជប៉ុន។

តួយ៉ាង កម្ពុជាបាននាំចេញផលិតផល ដែលមានតម្លៃ២,០៣ពាន់លានដុល្លារ ទៅកាន់ប្រទេសវៀតណាម កើនឡើង៣០,៦ភាគរយ ១,០៦ពាន់លានដុល្លារទៅកាន់ប្រទេសចិន កើនឡើង១៨,២ភាគរយ និង៨៨៥,៧លានដុល្លារ ទៅកាន់ប្រទេសជប៉ុន ធ្លាក់ចុះ១,៣ភាគរយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP មានសមាជិកចំនួន១៥ប្រទេស ដែលក្នុងនោះ មានប្រទេសសមាជិកអាស៊ានចំនួន១០ ដូចជា ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម និងដៃគូពាណិជ្ជកម្មចំនួន៥ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP ដែលបានចូលជាធរមាន នៅឆ្នាំ២០២២ គឺជាកត្តាជំរុញកំណើនការនាំចេញរបស់កម្ពុជា ហើយបានក្លាយជាមេដែក ស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេស កាន់តែច្រើនចូលមកកាន់កម្ពុជា។

លោក​បាន​ប្រាប់​សារពត៌មាន Xinhua ថា​ “កំណើន​នៃការ​នាំ​ចេញ​នេះបាន​បង្ហាញ​ថា​ បណ្តាប្រទេស​ជាសមាជិកកិច្ច ព្រមព្រៀង RCEP ជា​ទីផ្សារ​ដ៏​មាន​សក្តានុពល ​សម្រាប់​ផលិតផល​ ដែលផលិត​នៅ​កម្ពុជា”។

លោកបានបន្ថែមថា “ជាមួយនឹងការអនុគ្រោះពន្ធ ដែលផ្តល់ក្រោមកិច្ចព្រមព្រៀង RCEP ដូច្នេះ គ្មានអ្វីគួរឱ្យសង្ស័យទេដែលថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសសមាជិកRCEP ផ្សេងទៀតនឹងបន្តកើនឡើងពេញមួយឆ្នាំនេះ និងឆ្នាំក្រោយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here