ដោយ: គង់ លាងហួរ
អន្តរជាតិ: ដូចដែលយើងគ្រប់គ្នាបានដឹងស្រាប់ហើយ បណ្តាប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែមានក្រុមហ៊ុនក្នុងស្រុកជាច្រើន ខណៈក្រុមហ៊ុនខ្លះមានទំហំតូច ទំហំមធ្យម និងទំហំធំ អាស្រ័យទៅលើប្រាក់ចំណូលរបស់ពួកគេ។ ចុះតើអ្នកមានដឹងទេ តើក្រុមហ៊ុនណាខ្លះដែលមានទំហំប្រាក់ចំណូលធំជាងគេបំផុត នៅសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចលេខ១នៅលើពិភពលោក។
ខាងក្រោមនេះគឺជាក្រុមហ៊ុនដ៏ធំបំផុត ទាំង១០របស់សហរដ្ឋអាមេរិកសម្រាប់ឆ្នាំ២០២២ ដែលវាយតម្លៃចំណាត់ថ្នាក់ដោយទស្សនាវដ្ដី Fortune ។
ទី១: ក្រុមហ៊ុន Walmart
ក្រុមហ៊ុនលក់រាយដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប្រកាសប្រាក់ចំណូលចំនួន៦១១ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមបញ្ជីរបស់ទស្សនាវដ្តី Fortune ។ ក្រុមហ៊ុន Walmart បានកាន់កាប់តំណែងកំពូលទី១ អស់រយៈពេល១១ឆ្នាំជាប់ៗគ្នារួចមកហើយ។
ទី២: ក្រុមហ៊ុន Amazon
ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតមួយនេះ រកចំណូលបាន៥១៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ Amazon បានជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីនេះអស់រយៈពេល៤ឆ្នាំជាប់ៗគ្នារួចមកហើយ។
ទី៣: ក្រុមហ៊ុន Exxon Mobil
ក្រុមហ៊ុនប្រេងខ្នាតយក្សមួយនេះ រកប្រាក់ចំណូលបានចំនួន៤១៣ពាន់លានដុល្លារ និងប្រាក់ចំណេញចំនួន៥៥ពាន់លានដុល្លារកាលពីឆ្នាំ២០២២។ ក្រុមហ៊ុន Exxon Mobil បានឡើងមកឈរនៅលេខរៀងទី៣ បន្ទាប់ពីទាញទម្លាក់ក្រុមហ៊ុន Apple។
ទី៤: ក្រុមហ៊ុន Apple
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ រកប្រាក់ចំណូលបាន៣៩៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២ ដោយធ្លាក់ចុះមកនៅចំណាត់ថ្នាក់លេខ៤ ប៉ុន្តែAppleនៅតែជាក្រុមហ៊ុន ដែលរកបានប្រាក់ចំណេញច្រើនបំផុតក្នុងបញ្ជីនេះ។
ទី៥: ក្រុមហ៊ុន UnitedHealth Group
ក្រុមហ៊ុនធានារ៉ាប់រងសុខភាពមួយនេះ រកចំណូលបាន៣២៤ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុនថែទាំសុខភាពលំដាប់ខ្ពស់បំផុតទី៥ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune។
ទី៦: ក្រុមហ៊ុនCVS Health
ក្រុមហ៊ុនខ្សែសង្វាក់ឱសថស្ថានមួយនេះ បានរាយការណ៍ពីប្រាក់ចំណូលប្រចាំឆ្នាំ២០២២ ចំនួន៣២២ពាន់លានដុល្លារ ដែលធ្វើឱ្យវាក្លាយជាក្រុមហ៊ុន ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតទី៦ នៅក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune និងជាក្រុមហ៊ុនគ្រប់គ្រងដោយស្ត្រី។ ជាក់ស្តែង លោកស្រី Karen Lynch បានចូលកាន់តំណែងជានាយកប្រតិបត្តិក្រុមហ៊ុននេះនៅឆ្នាំ២០២១។
ទី៧: ក្រុមហ៊ុន Berkshire Hathaway
ក្រុមហ៊ុនរបស់មហាសេដ្ឋីអាមេរិក Warren Buffett មួយនេះ ទទួលបានប្រាក់ចំណូលចំនួន៣០២ពាន់លានដុល្លារកាលពីឆ្នាំមុន ដោយក្រុមហ៊ុននេះ កាន់កាប់តំណែងលេខ៧ ក្នុងបញ្ជីរបស់ទស្សនាវដ្តី Fortune ។
ទី៨: ក្រុមហ៊ុនAlphabet
ក្រុមហ៊ុនមេរបស់ Google មួយនេះ រកប្រាក់ចំណូលបានជិត២៨៣ពាន់លានដុល្លារ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន Alphabet អាចរក្សាចំណាត់ថ្នាក់លេខ៨ របស់ខ្លួននៅក្នុងបញ្ជី។
ទី៩: ក្រុមហ៊ុន McKesson
ក្រុមហ៊ុនផ្គត់ផ្គង់ថ្នាំពេទ្យមួយនេះ រកចំណូលបាន២៦៤ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យក្រុមហ៊ុន McKesson ជាប់ចំណាត់ថ្នាក់ទី៩ នៅក្នុងបញ្ជីកាលពីឆ្នាំមុនផងដែរ។
ទី១០: ក្រុមហ៊ុន Chevron
ប្រាក់ចំណូលរបស់ក្រុមហ៊ុនថាមពល ដែលមានមូលដ្ឋាននៅទីក្រុង San Ramon រដ្ឋកាលីហ្វ័រញ៉ា មួយនេះ បានកើនឡើង៥២% រហូតដល់២៤៦ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលធ្វើឱ្យវាជាប់ចំណាត់ថ្នាក់ទី១០៕