ជោគវាសនាក្រុមហ៊ុនអចលនទ្រព្យChina Evergrande កាន់តែមិនប្រាកដប្រជា ខណៈប្រឈមការជំនុំជម្រះក្នុងតុលាការហុងកុង

0

ដោយៈ តែម សុខុម

ហុងកុងៈ ជោគវាសនានៃក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យខ្នាតយក្សរបស់ចិន China Evergrande Group កាន់តែស្ថិតក្នុងស្ថានភាពមិនប្រាកដប្រជានៅថ្ងៃច័ន្ទ ទី៣០ ខែតុលា នេះ ខណៈតុលាការកំពូលរបស់ហុងកុង បើកសវនាការជំនុំជម្រះបណ្ដឹង ប្រឆាំងក្រុមហ៊ុននេះ។

ការជំនុំជម្រះនេះ បានកើតមានឡើងជិតពីរឆ្នាំ ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលសម្បូររឿងអាស្រូវមួយនេះ បានខកខានទូទាត់បំណុលរបស់ខ្លួនតាមពេលវេលាកំណត់។ក្រុមហ៊ុន Evergrande បាននិងកំពុងស្នើសុំរៀបចំបំណុលក្រៅប្រទេសរបស់ខ្លួនឡើងវិញ អស់រយៈពេលជាងមួយឆ្នាំកន្លះមកហើយ ប៉ុន្តែផែនការរបស់ក្រុមហ៊ុននេះ ត្រូវបានបរាជ័យកាលពីខែមុន នៅពេលមហាសេដ្ឋី Hui Ka Yan ដែលជាស្ថាបនិកក្រុមហ៊ុនយក្សមួយនេះ ត្រូវបានសមត្ថកិច្ចដាក់ឱ្យស្ថិត ក្រោមការស៊ើបអង្កេតពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌដែលជាប់សង្ស័យ។ ចៅក្រមអាចនឹងបង្គាប់ឱ្យលក់ឡៃឡុងក្រុមហ៊ុននេះ ឬពន្យារពេលសំណុំរឿងនេះ ដើម្បីរង់ចាំទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។ការលក់ឡៃឡុងក្រុមហ៊ុន Evergrande ដែលបានចុះបញ្ជីទ្រព្យសកកម្មសរុបចំនួន២៤០ពាន់លានដុល្លារអាមេរិក គិតត្រឹមដំណាច់ខែមិថុនា អាចបង្កចលាចលកាន់តែខ្លាំង ពាសពេញពីផ្សារមូលធនដែលងាយផុយស្រួយស្រាប់រួចទៅហើយ។

ទោះជាយ៉ាងណា មានការរំពឹងទុកថា ការលក់ឡៃឡុងក្រុមហ៊ុននេះ នឹងជះផលប៉ះពាល់ភ្លាមៗតិចតួចប៉ុណ្ណោះ មកលើប្រតិបត្តិការរបស់ក្រុមហ៊ុននេះ រួមទាំងគម្រោងសាងសង់លំនៅឋានជាច្រើនរបស់ខ្លួនផងដែរ។ជុំវិញបញ្ហានេះ ក្រុមហ៊ុន Evergrande មិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ក្រុមហ៊ុន Evergrande បានជាប់ឈ្មោះជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុត របស់ពិភពលោកជា​មួយនឹងបំណុលសរុបជាង៣០០ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះបានខកខានទូទាត់បំណុល ក្រៅប្រទេសរបស់ខ្លួននៅចុងឆ្នាំ២០២១ ហើយបានក្លាយជាចំណុចចាប់ផ្ដើម នៃវិបត្តិបំណុ​លដែលបានរីករាយដាលពាសពេញ វិស័យអចលនទ្រព្យទាំងមូលរបស់ប្រទេសចិន ចាប់តាំងពីពេលនោះរហូតមកទល់បច្ចុប្បន្ន៕ Reuters ៕

LEAVE A REPLY

Please enter your comment!
Please enter your name here