ដោយៈគង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍Qatar Airways ដែលបានផ្អាកការហោះហើរ ជាបណ្តោះអាសន្នពីទីក្រុងដូហា ប្រទេសកាតាមក ទីក្រុងភ្នំពេញ ដោយការរីករាលដាលនៃជំងឺកូវីដ១៩នោះ បានចាប់ផ្តើមហោះហើរផ្ទាល់ មកកាន់ទីក្រុងភ្នំពេញឡើងវិញហើយ នៅចុងខែតុលានេះ ដើម្បីផ្សារភ្ជាប់ការហោះហើររវាងកម្ពុជា និងមជ្ឈិមបូព៌ា។
អាកាសយានដ្ឋានអន្តរជាតិកម្ពុជា Cambodia Airports បានឱ្យដឹងថា “Qatar Airways បានបន្តជើងហោះហើរប្រចាំថ្ងៃឡើងវិញរវាង ភ្នំពេញ (PNH) និង ទីក្រុងដូហា (DOH) នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៣។ ជើងហោះហើរដំបូងនេះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង ០៤៖០៣ រសៀល”។លោក Cyril Girot នាយកប្រតិបត្តិនៃក្រុមហ៊ុន Cambodia Airports ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន VINCI Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានឯកជន ឈានមុខគេរបស់ពិភពលោកបានមានប្រសាសន៍ថា “ក្រុមការងារនៅអាកាសយានដ្ឋានរបស់យើងធ្វើការ ដោយមិនចេះនឿយហត់លើការជំរុញអោយមានការបង្កើនជើងហោះហើរ និងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ឱ្យត្រឡប់មកវិញ”។
លោកបន្តថា ការមើលឃើញការចុះចត នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅក្នុងថ្ងៃនេះ គឺជារង្វាន់ដែលមិនអាចកាត់ថ្លៃបាន សម្រាប់ក្រុមការងារនៅអាកាសយានដ្ឋានរបស់យើង។ចំណែកលោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថា Qatar Airway បានធ្វើការហោះហើរជារៀងរាល់ថ្ងៃ ក្នុងមួយថ្ងៃមួយជើង(៧ជើងក្នុងមួយសប្តាហ៍)។ ផ្លូវដែលក្រុមហ៊ុនអាកាសចរណ៍យក្សមួយនេះហោះហើរគឺ ដូហា-ហូជីមិញ-ភ្នំពេញ និងហោះត្រឡប់ទៅវិញ ភ្នំពេញ-ហូជីមិញ-ដូហា។
លោកបន្តថា “ការភ្ជាប់ជើងហោះហើរឡើងរវិញ ពីទីក្រុងដូហា មកទីក្រុងភ្នំពេញ គឺជាសញ្ញាណល្អមួយ សម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា ខណៈដែលវិស័យទេសចរណ៍នៅកម្ពុជា បាននិងកំពុងមានភាពប្រសើរឡើង”៕