ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ស្របពេលបញ្ហា EBA បានក្លាយជារឿងក្តៅមួយ អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានអះអាងថា វិស័យអចលនទ្រព្យនឹងមិនរងផលប៉ះពាល់ខ្លាំងនោះទេ ប្រសិនជា EBA នឹងត្រូវដកចេញពីកម្ពុជា។
អ្នកនាងអាន សុធីតានាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី១៥ កុម្ភកន្លងមកថា វិស័យអចលនទ្រព្យនៅតែមានកំនើននៃការវិនិយោគពីបរទេស ហើយវិស័យនេះមិនរងផលប៉ះពាល់នោះទេ ប្រសិន ជាប្រព័ន្ឋអនុគ្រោះពន្ឋដែលអឺរ៉ុបត្រូវដកចេញពីកម្ពុជា។ អ្នកនាងបន្តថា វិស័យឧស្សាហកម្មមិនបានរួមចំណែកច្រើនក្នុងវិស័យអចលនទ្រព្យនោះទេ ដោយសារវាពាក់ព័ន្ឋនឹងការនាំចេញ ប៉ុន្តែបើការនាំចេញធ្លាក់ចុះខ្លាំង វាអាចប៉ះពាល់ដល់កំនើនសេដ្ឋកិច្ចកម្ពុជា។
អ្នកនាងបន្តថា “ការរីកចម្រើន ឬការផ្អាកគំរោងសាងសង់តិចតួច វាជារឿងធម្មតានៅក្នុងទីផ្សារ ហើយក្រុមហ៊ុនដែលមានបញ្ហានៅតែមានបញ្ហា ក្រុមហ៊ុនល្អនៅតែល្អ”។លោកបន្តថា “ផ្នែកមួយចំនួននៅក្នុងវិស័យនៅតែមានកំនើន និងការរីកចម្រើនខ្លាំងនៅឆ្នាំ២០១៩នេះ ដូចជាដីធ្លីជាយក្រុង វិស័យសណ្ឋាគារ និងការិយាល័យ ដោយសារកំនើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស”។
អគ្គនាយិកាក្រុមហ៊ុន Amatak Property Service Co, Ltd លោកស្រី តាំង ហួរ បានមានប្រសាសន៍ថា អ្នកវិនិយោគនៅកម្ពុជាភាគច្រើន ជាអ្នកវិនិយោគមកពីទ្វីបអាស៊ី ពិសេសចិនក៏ជាអ្នកវិនិយោគដ៏ធំនៅកម្ពុជា ហើយសេដ្ឋកិច្ចចិនក៏មានទំហំធំជាងគេលំដាប់ទី២នៅលើពភពលោកដែរ ហេតុនេះវិស័យអចលនទ្រព្យនៅកម្ពុជានឹងមិនរងផលប៉ះពាល់នោះទេ ទោះជាប្រព័ន្ឋអនុគ្រោះពន្ឋត្រូវដកចេញពីកម្ពុជាក៏ដោយ។
លោកស្រីបន្តថា “វិស័យនាំចេញបើសិនជាមានការដក EBA អាចរងផលប៉ះពាល់ តែមិនធ្ងន់ធ្ងរនោះទេ ហើយវាក៏មិនមានឥទ្ឋិពលខ្លាំង ដល់វិស័យអចលនទ្រព្យនៅកម្ពុជានោះឡើយ”៕