តើការដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកនឹងជះឥទ្ធិពលយ៉ាងណាមកលើប្រទេសនានាលើពិភពលោក?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: យុទ្ធនាការប្រយុទ្ធប្រឆាំង នឹងអតិផរណារបស់សហរដ្ឋអាមេរិក តាមរយៈការដំឡើងអត្រាការប្រាក់ បានបន្តអស់រយៈពេលជិត២ឆ្នាំ ហើយការណ៍នេះ បាននិងកំពុងជះផលប៉ះពាល់អាក្រក់ដល់សេដ្ឋកិច្ចរបស់ពិភពលោក។

ជាមួយគ្នានេះ ការដំឡើងការប្រាក់របស់អាមេរិក អាចនឹងជះផលប៉ះពាល់រយៈពេលវែង ទៅលើប្រទេសនានាជុំវិញពិភពលោក ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ទាប​ ខណៈដែលបណ្តាប្រទេសភាគច្រើន ប្រើប្រាស់ប្រាក់ដុល្លារអាមេរិក សម្រាប់ដោះដូរពាណិជ្ជកម្ម។

ចំណែក បណ្តាប្រទេសដែលជំពាក់បំណុលច្រើន នឹងរងផលប៉ះពាល់ ពីការដំឡើងអត្រាការប្រាក់នៅសហរដ្ឋអាមេរិក។ ជាក់ស្តែង កាលពីពេលអត្រាការប្រាក់ ស្ថិតនៅកម្រិតទាប បណ្តាប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើន បានខ្ចីបំណុលអន្តរជាតិ ដើម្បីដោះស្រាយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងសង្គ្រាមនៅអ៊ុយក្រែន។

ហេតុនេះ ការកើនឡើងនៃថ្លៃដើមកម្ចី បានធ្វើឱ្យរដ្ឋាភិបាលរបស់ប្រទេសនានា ពិបាកទូទាត់សងបំណុលជាងមុន ហើយស្ថានភាពនេះគេហៅថា “វិបត្តិបំណុល” ដែលកំពុងជះផលប៉ះពាល់ដល់ប្រទេសជាច្រើន។

ផ្អែកតាមការចេញផ្សាយរបស់វេទិកា សេដ្ឋកិច្ចពិភពលោក (World Economic Forum) បានបង្ហាញថា ការកើនឡើងអត្រាការប្រាក់ ធ្វើឱ្យតម្លៃកម្ចីកើនឡើង ហើយអ្នកខ្ចីប្រាក់ត្រូវចំណាយច្រើនជាងមុន។

ក្នុងន័យនេះ នៅពេលធនគារកណ្ដាល បង្កើនអត្រាការប្រាក់ នោះ​ អ្នកត្រូវការកម្ចីផ្ទាល់ខ្លួន កម្ចីទិញផ្ទះ ឬកម្ចីទិញរថយន្ដនឹងត្រូវចំណា​យច្រើនជាងមុន។

យោងតាមការលើកឡើង របស់អ្នកជំនាញបានឱ្យដឹងថា ប្រសិ​ន​បើសហរដ្ឋអាមេរិក ដំឡើងការប្រាក់ដល់៦% នឹងធ្វើឱ្យប្រទេសមួយចំនួនរងផលប៉ះពាល់ ជាពិសេសប្រទេសដែលកំពុងអភិវឌ្ឍន៍។

លោក Manik Narain ប្រធានយុទ្ធសាស្រ្តរបស់ធនាគារ UBS បានអះអាងថា ប្រសិនបើធនាគារកណ្តាលអាមេរិក ដំឡើងការប្រាក់ដល់៦% នោះវានឹងធ្វើឱ្យប៉ះពាល់ ដល់រូបិយប័ណ្ណរបស់ប្រទេសមួយចំនួន។

លើសពីនេះ ប្រទេសមួយចំនួន នឹងងាយរងផលប៉ះពាល់ខ្លាំងដោយសារតែការដំឡើង អត្រាការប្រាក់របស់អាមេរិក ហើយប្រទេសទាំងនោះមានដូចជា ប្រទេសឈីលី ប្រទេសប៉ូឡូញ ប្រទេសឆេក និងប្រទេសហុងគ្រីជាដើម។

ម្យ៉ាងទៀត ក្រុមហ៊ុន​ដែល​កំពុង​ជំពាក់​បំណុលច្រើន នឹង​អាច​ជួបវិបត្តិ ពីព្រោះការដំឡើង​អត្រា​ការប្រាក់ ​របស់​ធនាគារ​កណ្តាល​អាមេរិក ​នឹង​លើក​ទឹកចិត្ត​ឱ្យគ្រប់​ធនាគារ​ កណ្តាលផ្សេង​ទៀតនៅ​លើ​ពិភពលោក​ដំឡើង​អត្រា​ការប្រាក់​ដែរ។

ជាក់ស្តែង ប្រាក់​ចំណូលរបស់ក្រុមហ៊ុន ​នាំ​ចេញ​វត្ថុធាតុ​ដើម និង​ក្រុមហ៊ុន​ប្រេង​ជាដើម បានធ្លាក់​ចុះរួច​ទៅ​ហើយ ដោយសារ​តម្លៃ​ប្រេង​ធ្លាក់ចុះ ហើយពួកគេនឹង​ត្រូវ​រង​សម្ពាធបន្ថែមទៀត ដោយ​ត្រូវ​ចំណា​យ​លុយ​បន្ថែម ដើម្បី​បង់​ថ្លៃ​អត្រាការប្រាក់​ដែល​កំពុងហក់ឡើង​ខ្ពស់។

ការដំឡើង​អត្រា​ការប្រាក់​របស់ ​ធនាគារ​កណ្តាល​អាមេរិក​អាច​ជា​សញ្ញា​ល្អដែល​បង្ហាញថា សេដ្ឋកិច្ច​អាមេរិក​មានភាពរឹងមាំ​ឡើងវិញ ប៉ុន្តែក្នុងពេលជាមួយ​គ្នានេះ វា​បានផ្តល់​ផលវិបាក​ជាច្រើន​ដល់​ប្រទេ​ស ដែល​ជំពាក់បំណុល​គេជា​ប្រាក់​ដុល្លារទៅវិញ។

យោងតាម​ក្រុមអ្នកវិភាគជាច្រើនបានលើកឡើងថា នេះ​មិនមែន​ជាពេលវេលា​ល្អ​ ដែល​ធនាគារកណ្តាលអាមេរិក ត្រូវ​ដំឡើង​អត្រាការប្រាក់​នោះទេ ខណៈប្រទេស​ជាច្រើន ដែល​កំពុង​ប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ច​មិន​ដើរ​ទៅមុខ កំពុង​ត្រូវការ​ប្រាក់វិនិយោគ ក្នុង​អត្រាការប្រាក់​ទាប៕

LEAVE A REPLY

Please enter your comment!
Please enter your name here