ដោយៈ តែម សុខុម
សិង្ហបុរីៈ អាកាសយានដ្ឋាន Changi ក្នុងប្រទេសសិង្ហបុរី បានបើកដំណើរការឡើងវិញពេញលេញ នូវស្ថានីយចំណតទី២ (Terminal 2) ក្រោយគម្រោងពង្រីកដ៏ធំ ដែលមានរយៈពេល៣,៥ឆ្នាំបានបញ្ចប់ជាស្ថាពរ។
ដោយសារត្រូវបានបោះឆ្នោត ជ្រើសរើសជាអាកាសយានដ្ឋានល្អដាច់គេក្នុងពិភពលោក ក្នុងព្រឹត្តិការណ៍ប្រគល់ពានរង្វាន់អាកាសយានដ្ឋាន 2023 Skytrax Airport Awards ប្រចាំឆ្នាំ២០២៣ គឺប្រាកដណាថា អាកាសយានដ្ឋាននេះ ត្រូវបានរចនាឡើងយ៉ាងពិសេស និងមានការដេគ័រតុបតែងយ៉ាងល្អឯក។ស្ថានីយចំណតដែលមានស្រាប់ ត្រូវបានពង្រីកបន្ថែមប្រមាណ២១.០០០ម៉ែត្រការ៉េ ដោយផ្ដល់នូវហេដ្ឋារចនាសម្ព័ន្ធបន្ថែម ប្រព័ន្ធថ្មីៗ និងកន្លែងដើរទិញអីវ៉ាន់ ព្រមទាំងកន្លែងទទួលទានអាហារបន្ថែមទៀត។
ស្ថានីយចំណតទី២ នេះត្រូវបានរចនាឡើង និងដេគ័រយ៉ាងស្រស់ស្អាតប្លែកគួរឱ្យភ្ញាក់ផ្អើល ដែលពិតជាស័ក្ដិសមជាមួយអាកាសយានដ្ឋានល្អដាច់គេក្នុងពិភពលោក។
យោងតាមសេចក្ដីថ្លែងការណ៍ចេញ ដោយអាកាសយានដ្ឋាន Changi ឱ្យដឹងថា គម្រោងពង្រីកស្ថានីយចំណតទី២ ដែលបានចាប់ផ្ដើមនៅខែមករា ឆ្នាំ២០២០ នេះនឹងបង្កើនសមត្ថភាពទទួលអ្នកដំណើររបស់អាកាសយានដ្ឋាននេះ បាន៥លាននាក់បន្ថែម ដោយធ្វើឱ្យសមត្ថភាពទទួលអ្នកដំណើរសរុប របស់ខ្លួនឈានដល់៩៥លាននាក់ក្នុងមួយឆ្នាំៗ។ក្រុមហ៊ុនអាកាសចរណ៍ចំនួន១៦ ធ្វើប្រតិបត្តិការនៅអាកាសយានដ្ឋាននេះ ដោយភ្ជាប់ប្រទេសសិង្ហបុរី ទៅកាន់ទីក្រុងចំនួន៤០៕ CNN៕