ដោយ: គង់ លាងហួរ
ហាណូយ: វិស័យអចលនទ្រព្យលំនៅដ្ឋាន និងការិយាល័យសម្រាប់ក្រុម Digital nomads ក្លាយជាផ្នែកមួយដ៏មានសក្តានុពលសម្រាប់ទីផ្សារអចលនទ្រព្យវៀតណាម ដែលវាផ្តល់ឱកាសសម្រាប់អ្នកអភិវឌ្ឍន៍ដើម្បីទាញយកផលចំណេញ។
យោងតាមក្រុមហ៊ុនសេវាកម្មអចលនទ្រព្យ Savills បានឱ្យដឹងថា កត្តាជាច្រើនកំពុងធ្វើឱ្យប្រទេសវៀតណាមក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ក្រុម Digital nomads ដូចជាការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងអុីនធឺណិត ដែលផ្តល់លក្ខខណ្ឌអំណោយផលសម្រាប់ការធ្វើការងារពីចម្ងាយ។លើសពីនេះ ថ្លៃចំណាយលើការរស់នៅសមរម្យ បរិយាកាសអាជីវកម្មល្អប្រសើរ រួមជាមួយ លក្ខខណ្ឌអំណោយផលសម្រាប់ក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្ម និងក្រុមហ៊ុនបច្ចេកវិទ្យា ទេសភាពដ៏ស្រស់ស្អាត និងវប្បធម៌ចម្រុះ គឺជាកត្តាសំខាន់ៗ ដែលទាក់ទាញក្រុម Digital nomads មកកាន់ប្រទេសវៀតណាម។
ជាក់ស្តែង កាលពីដើមឆ្នាំ២០២២កន្លងទៅ ទស្សនាវដ្តីកាណាដា The Travel ធ្លាប់បានផ្តល់ចំណាត់ថ្នាក់ទី៨ ដល់ប្រទេសវៀតណាម ក្នុងបញ្ជីគោលដៅកំពូលទាំង១០របស់ពិភពលោកសម្រាប់ក្រុម Digital nomads។ចំណែក នៅដើមឆ្នាំនេះ គេហទំព័រសហគមន៍ Digital Nomads បានចាត់ចំណាត់ថ្នាក់ទីក្រុងហូជីមិញជាទីក្រុងមួយ ក្នុងចំណោមទីក្រុងកំពូលទាំង១០របស់ពិភពលោកសម្រាប់អ្នកចូលចិត្តធ្វើការពីចម្ងាយ ដោយសារថ្លៃចំណាយនៃការរស់នៅមានភាពសមរម្យ។
ថ្លៃចំណាយលើការរស់នៅក្នុងប្រទេសវៀតណាម មានតម្លៃថោកបំផុតបើធៀបនឹងប្រទេសដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយជាប់ចំណាត់ថ្នាក់ទី១៣៨ក្នុងចំណោមបណ្តាប្រទេសចំនួន១៩៧នៅលើពិភពលោក។ ក្រុម Digital Nomads គឺជាឃ្លាដែលសំដៅលើមនុស្សវ័យក្មេង ដែលជីវិតរបស់ពួកគេត្រូវបានផ្សារភ្ជាប់ជាមួយនឹងការធ្វើដំណើរ ចូលចិត្តបទពិសោធន៍ ស្វែងយល់ពីវប្បធម៌ថ្មីៗ និងផ្សារភ្ជាប់ទៅនឹងឧបករណ៍បច្ចេកវិទ្យា៕