វិភាគៈ តើអារ៉ាប់រួមអេមីរ៉ាត នឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី ធ្ងន់ធ្ងរកម្រិតណាជាមួយវិធានការរឹតបន្តឹងការនាំចេញដើម្បី ផ្គាប់ចិត្តអាមេរិក?

0

ដោយៈ តែម សុខុម

អាប៊ូដាប៊ីៈ ប្រទេសអារ៉ាប់រួមអេមីរ៉ាត បានធ្វើឱ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មិនសប្បាយចិត្តជាខ្លាំង ដោយសារការបន្តទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ី ខណៈលោកខាងលិច ប្រឹងប្រែងដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើក្រុងមូស្គូ ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លាន​ពានអ៊ុយក្រែន។

ប៉ុន្តែពេលនេះរដ្ឋាភិបាលក្រុងអាប៊ូដាប៊ី អាចនឹងធ្វើការកែសម្រួ​លគោលនយោបាយបរទេសរបស់ខ្លួនខ្លះៗ ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា សង្គ្រាមរបស់អ៊ីស្រាអែល ទៅលើតំបន់ Gaza នៃទឹកដីប៉ាឡេស្ទីន អាចរីករាលដាលទូទាំងតំបន់មជ្ឈិមបូព៌ា។ នេះបើយោងតាមសារព័ត៌មាន Al Jazeera ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា។

កាលពីដើមខែកញ្ញា តំណាងមកពីចក្រភពអង់គ្លេស សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ច ទៅកាន់ប្រទេសអារ៉ាប់រួមអេមីរ៉ាត ដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ ចំពោះទំនាក់ទំនងរបស់ប្រទេសនេះជាមួយរុស្ស៊ី។

ជាពិសេសរដ្ឋាភិបាលលោកខាងលិច ទាំងនេះបានព្យាយាមរារាំងមិនឱ្យរុស្ស៊ី ទទួលបានផលិតផល ជាក់លាក់មួយចំនួនដូចជាបន្ទះឈីបកុំព្យូទ័រ និងគ្រឿងបង្គុំអេឡិចត្រូនិចជាដើម ដែលអាចត្រូវបានប្រើប្រាស់ ដើម្បីពង្រឹងការធ្វើសង្គ្រាមរបស់រុស្ស៊ី។

កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានព្រមានប្រ​ទេសអារ៉ាប់រួមអេមីរ៉ាត ប្រទេសអូម៉ង់ និងប្រទេសតួកគី ប្រឆាំងនឹងការគេចវេះទណ្ឌកម្ម និងការរឹតបន្តឹងការនាំចេញ ដែលត្រូវបានដាក់ទៅលើរដ្ឋាភិបាលក្រុងមូស្គូ កាលពីឆ្នាំមុន។

បន្ទាប់មកនៅខែមេសា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើស្ថាប័នពីរដែលមានមូលដ្ឋាន នៅក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត គែក្រុមហ៊ុនបច្ចេកវិទ្យាដ្រូន Aeromotus Unmanned Aerial Vehicles Trading LLC និងក្រុមហ៊ុនបោះដុំគ្រឿងអេឡិចត្រូនិក Hulm Al Sahra Electric Devices Trading។

យោងតាមក្រសួងរតនាគារអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុន Aeromotus បានបញ្ជូនយន្តហោះដ្រូន និងបច្ចេកវិទ្យាមនុស្សយន្តមួយចំនួនឱ្យទៅអ្នកនាំចូលរុស្ស៊ី ក្រោយផ្ទុះសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Hulm Al Sahra Electric Devices Trading ចំពោះការបញ្ជូនបន្ទះឈីបអាមេរិក តម្លៃប្រមាណ១៩០.០០០ដុល្លារ ដែលត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក លើការនាំចេញ ព្រមទាំងគ្រឿងចក្រ គ្រឿងអគ្គិសនី និងអុបទិកទៅឱ្យក្រុមហ៊ុនរុស្ស៊ី នៅក្នុងឆមាសទី២ ឆ្នាំ២០២២ ផងដែរ។

មិនយូរប៉ុន្មានបន្ទាប់ពីដំណើរទស្សនកិច្ច របស់ក្រុមមន្ត្រីលោកខាងលិច ទៅកាន់ប្រទេសអារ៉ាប់រួមអេមីរ៉ាត សារព័ត៌មានដ៏ល្បីល្បា​ញBloomberg បានចុះផ្សាយថា អាជ្ញាធរអារ៉ាប់រួមអីមីរ៉ាត កំពុងពិចារណាដាក់ចេញអាជ្ញាប័ណ្ណ នាំចេញលើបច្ចេកវិទ្យាជាក់លាក់មួយចំនួនរួមទាំងបន្ទះឈីបផងដែរ។

ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងអាប៊ូដាប៊ី មិនទាន់បានដាក់ចេញវិធានការទាំងនេះនៅឡើយទេ។ ប្រសិនបើមានចំណាត់ការណាមួយបែបនេះ នោះគឺមិនត្រឹមដោយសារ ទទួលរងសម្ពាធកាន់តែខ្លាំងឡើងពីលោកខាងលិចប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារការគំរាមកំហែងកាន់តែខ្លាំងឡើង ពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស ដែលអាចរីករាលដាលទូទាំងតំបន់មជ្ឈិមបូព៌ាផងដែរ។

យោងតាមក្រុមអ្នកជំនាញឱ្យដឹងថា នៅក្នុងសេនារីយោនោះ ប្រទេសអារ៉ាប់រួមអេមីរ៉ាត នឹងចង់ជួយគាំទ្រដល់សហរដ្ឋអាមេរិក ដែលជាអ្នកធានាការពារសុវត្ថិភាពរបស់ខ្លួន។

លោក Imad Harb នាយកផ្នែកស្រាវជ្រាវ និងវិភាគនៅ Arab Center Washington DC ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក លើកឡើងថា “ប្រទេសអារ៉ាប់រួមអេមីរ៉ាត និងបណ្ដាប្រទេសនៅឈូងសមុទ្រផ្សេងទៀត មិនចង់ធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង ជាមួយប្រទេសរុស្ស៊ីប៉ុន្មានឡើយ”។

អ្នកជំនាញរូបនេះលើកឡើងទៀតថា ការដាក់ចេញអាជ្ញាប័ណ្ណនាំចេញទាំងនេះ ប្រហែលជាមិនធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ដល់ទំនាក់ទំនងរបស់រដ្ឋាភិបាលក្រុងអាប៊ូដាប៊ី ជាមួយក្រុងមូស្គូ នោះឡើយ។

លោកបានប្រាប់សារព័ត៌មាន Al Jazeera ថា “ប្រទេសអារ៉ាប់រួមអេមីរ៉ាត តែងតែលក់បច្ចេកវិទ្យានេះ តាមរយៈប្រទេសអ៊ីរ៉ង់ ដែលមានទំនាក់ទំនងល្អ ជាមួយប្រទេសរុស្ស៊ី ហើយប្រហែលជាចង់ជួយរដ្ឋាភិបាលក្រុងម៉ូស្ពូបញ្ជៀសទណ្ឌកម្ម”៕ Al Jazeera ៕

LEAVE A REPLY

Please enter your comment!
Please enter your name here