ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបន្ថែមផលិតផលកសិកម្ម ចំនួន៥មុខបន្ថែមទៀត ទៅក្នុងការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ។
ការប្រកាសនេះ បានធ្វើឡើងក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៩ នាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បន្ថែមផលិតផលកសិកម្មចំនួន៥មុខទៀត ដែលកំពុងមានសក្ដានុពល គឺ មៀនប៉ៃលិន ស្វាយ វារីវប្បកម្ម ការចិញ្ចឹមសត្វ និងផលិតផលដូងប្រេង នៅក្នុងស្រុក ដែលជាវត្ថុធាតុដើម ផលិតចំណីសត្វ ដោយអនុវត្តយន្ដការលើកទឹកចិត្តដូចគ្នា នឹងប្រកាសលេខ២៥២ខាងលើ ស្ដីពី ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញ ស្រូវ, អង្ករ ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ ដោយភ្ជាប់លក្ខខណ្ឌតម្រូវឲ្យមាន ការផ្ដល់បញ្ជីឈ្មោះ អ្នកផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម ឲ្យបានច្បាស់លាស់ ទៅអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ផ្ទៀងផ្ទាត់។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កសិកម្ម គឺជាវិស័យអាទិភាពដែលរាជរដ្ឋាភិបាល បាននិងកំពុងផ្ដល់ការអនុគ្រោះពន្ធ និងការលើកទឹកចិត្តជាច្រើន នៅក្នុងគោលដៅគាំទ្រ និងជំរុញការអនុវត្ត ឲ្យក្លាយទៅជាជន្ទល់សេដ្ឋកិច្ចមួយដ៏រឹងមាំ។
ក្នុងវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជនលើកទី១៨កន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះសហគ្រាសផលិត ផ្គត់ផ្គង់ក្នុងស្រុក ឬនាំចេញផលិតផលកសិកម្មចំនួន ៨មុខ រួមមាន៖ ស្រូវ, អង្ករ, ពោត, សណ្ដែក, ម្រេច, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងជ័រកៅស៊ូ។
សម្ដេចធិបតីហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ជារួមផលិតផលកសិកម្មទាំង៨មុខខាងលើនេះ ទទួលបានការលើកលែងពន្ធកាត់ទុក លើការទូទាត់ចំពោះការផ្គត់ផ្គង់សេវា ដោយបុគ្គល មិនស្ថិតនៅក្នុងរបបស្វ័យប្រកាស អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់សេវា ឲ្យដល់សហគ្រាស ទទួលការផ្គត់ផ្គង់ជាបន្ទុករដ្ឋ និងពន្ធអប្បបរមា នៅក្នុងករណី បានកាន់នូវបញ្ជីគណនេយ្យត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕