ដោយៈ គង់ សូរិយា
ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានកំណត់ឱ្យគ្រប់ក្រសួង និងស្ថានប័នផ្នែកពាក់ព័ន្ធ ត្រូវរួមគ្នាចុះធ្វើអធិការកិច្ចត្រឹមម្ដងគត់ក្នុង១ឆ្នាំ នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា លើកលែងតែមានបណ្ដឹងកើតឡើងទើប ចុះធ្វើអធិការកិច្ចតាមជាក់ស្ដែងបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាកាសកំណត់បែបនេះ ឆ្លើយតបតាមការស្នើសុំ របស់វិស័យឯកជន ក្នុងវេទិការាជរដ្ឋាភិបាលផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះនៅវិមានសន្តិភាព។ក្នុងឱកាសនេះ សម្តេចធិបតីបានថ្លែងអំណរគុណ ដល់ក្រុមការងាររាជរដ្ឋាភិបាល ដែលបានខិតខំដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន ដែលបានលើកឡើងក្នុងកិច្ចប្រជុំពិភាក្សាជាមួយគ្នា មុនពេលការរៀបចំវេទិកា “រាជរដ្ឋាភិបាលផ្នែកឯកជន”នេះឡើង។ ដូច្នេះ នៅក្នុងវេទិកា រាជរដ្ឋាភិបាលផ្នែកឯកជន ថ្ងៃនេះ សម្ដេចធិបតី បានសម្រេចឱ្យមានការបង្កើក ក្រុមការងារអន្តរក្រសួងតាមវិស័យ ដែលត្រូវធ្វើអធិការកិច្ចរួមគ្នាតែមួយលើកក្នុង១ឆ្នាំ។
សម្ដេចធិបតីបានបញ្ជាក់ថា រាល់ការតាក់តែងបទដ្ឋានគតិយុត្តិ ដែលពាក់ព័ន្ធជាមួយវិស័យឯកជន ត្រូវពិភាក្សាជាមួយវិស័យឯកជនសំខាន់ៗជាមុនសិន ហើយនៅពេលរៀបចំដាក់ឱ្យអនុវត្តត្រូវផ្សព្វផ្សាយឱ្យបានយ៉ាងតិច៦ ខែមុនដាក់ឱ្យអនុវត្តន៍។
សម្ដេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ជាថ្មីថា “រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ មិនមានការបង្កើតពន្ធថ្មីនោះទេ ចំពោះពន្ធដែលមានស្រាប់ ក៏នឹងមិនមានការដំឡើងពន្ធនោះដែរ៕