សម្ដេចធិបតីៈដីដែលមិនបានប្រើប្រាស់មានទំហំចាប់ពី៥ហិកតា ចុះក្រោម គឺមិនជាប់ពន្ធនោះឡើយ

0

        ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មានប្រសាសន៍ក្នុងវេទិកា “រាជរដ្ឋាភិបាល-ផ្នែកឯកជន” លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ដីដែលមិនបានប្រើប្រាស់ ហើយមានទំហំចាប់ពី៥ ហិកតាចុះក្រោមនោះ នឹងមិនមានជាប់ការបង់ពន្ធប្រចាំឆ្នាំនោះទេ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រីបន្ថែមថា ក្រៅពីដីដែលមានទំហំ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រចាំឆ្នាំ ចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះមានដូចជា ដីដែលកំពុងប្រើប្រាស់ដាំដុះ ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា ដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល ដីដែលជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួល ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្ថែមថា ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំលើសពី៥ហិកតា នឹងចាប់អនុវត្តន៍នៅដើមឆ្នាំ២០២៥។

ក្នុងវេទិកានៅថ្ងៃនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនៅអាណត្តិទី៧នេះ គឺមិនយកពន្ធលើផលចំណេ​ញចំនួន៦មុខក្នុងវិស័យអចលនទ្រព្យ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្រើនរម្លឹកនៅចំពោះមុខវិស័យឯកជននៅថ្ងៃនេះដែរថា រដ្ឋមិនចង់ដើរតួនាទីជានគរបាល ដែលរង់ចាំត្រួតពិនិត្យ និងចាប់អ្នកប្រព្រឹត្តខុសច្បាប់នោះទេ គឺរដ្ឋាភិបាលចង់ដើរតួជាអ្នកគាំទ្រដល់វិស័យឯកជន ដើម្បីជំរុញការវិនិយោគនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here