ចំណេះដឹងផ្នែកពន្ឋៈ តើអ្វីជាពន្ឋសំខាន់ៗលើវិស័យអចលនទ្រព្យ?

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ការបង់ពន្ឋលើវិស័យអចលនទ្រព្យ បាននិងកំពុងក្លាយជាអ្វី ដែលរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់។ តើវិស័យនេះមានពន្ឋអ្វីខ្លះ?។

១. ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យត្រូវបានកំណត់តាមអត្រា ០.១%នៃមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺជាតម្លៃ៨០%តម្លៃអចលនទ្រព្យ ហើយដែលអនុញ្ញាតឲ្យកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០លានរៀល។ ចំណែកតម្លៃអចលនទ្រព្យវិញ ត្រូវកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ហើយអ្នកទាំងអស់គ្នាអាចចូលមើលតាមតំណនេះបាន។
ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = [(តម្លៃអចលនទ្រព្យ x ៨០%) – ១០០,០០០,០០០៛] x ០.១%

ឧទាហរណ៍ថា អ្នកមានដីមួយកន្លែងទំហំ២០មx៣០ម (៦០០ម៉ែត្រការ៉េ) និងមានផ្ទះល្វែងសាងសង់ ពីលើទំហំ៧មx២០ម(១៤០ម៉ែត្រការ៉េ)ចំនួន១ជាន់។ សម្រាប់តម្លៃដីនៅតំបន់នោះ មានតម្លៃ២៥០ដុល្លារ/ម៉ែត្រការ៉េ និងតម្លៃផ្ទះ២០០ដុល្លារ/ម៉ែត្រការ៉េ។
-តម្លៃដីសរុប ៦០០x២៥០=១៥០,០០០ ដុល្លារ
-តម្លៃផ្ទះសរុប ១៤០x២០០=២៨,០០០ដុល្លារ
ដូច្នេះ តម្លៃអចលនទ្រព្យសរុបគឺ ១៥០,០០០ ដុល្លារ+២៨,០០០ដុល្លារ=១៧៨,០០០ដុល្លារ។
ប្រាក់ដែលត្រូវបង់ពន្ធគឺ [(១៧៨,០០០x៨០%)-២៥,០០០$]x០.១%=១៤២.៤ដុល្លារ។

២. ពន្ធប្រថាប់ត្រា
ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា៤% ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬការផ្ទេរសិទ្ធិកាន់កាប់ដីដែល គ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។ ពន្ធប្រថាប់ត្រាត្រូវបានបង់ ដោយអ្នកទទួលកម្មសិទ្ធិ ទទួលសិទ្ធិកាន់កាប់ដីធ្លី ដែលគ្មានសំណង់ គិតជាសមាមាត្រ លើតម្លៃពិតប្រាកដនៃទ្រព្យសម្បត្តិ នាថ្លៃផ្ទេរកម្មសិទ្ធិនិងសិទ្ធិកាន់កាប់។ បច្ចុប្បន្ន ពន្ធនេះ ត្រូវបានលើកលែង សម្រាប់អចលនទ្រព្យតម្លៃទាបជាង៧ម៉ឺនដុល្លារ ដល់ខែធ្នូ ឆ្នាំ២០២១ នេះ។

៣. ពន្ធលើដីធ្លីមិនបានប្រើប្រាស់
ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ នឹងត្រូវជាប់ពន្ធចំនួន២% លើមូលដ្ឋានកំណត់ពន្ធ។ ដោយឡែក បើដីនោះមានការដាំដំណាំពេញ គឺមិនជាប់ពន្ធនេះទេ។ មួយវិញទៀត បើអ្នកជាប់ពន្ធដីមិនបានប្រើប្រាស់ហើយ អ្នកមិនជាប់ពន្ធអចលនទ្រព្យ ០.១% ទេ។

៤. ពន្ធលើចំណេញមូលធន
ពន្ធនេះនឹងចាប់ផ្ដើមអនុវត្ដនាដើមឆ្នាំ២០២៤ខាងមុខ ទៅលើរាល់ផលចំណេញ ពីការលក់អចលទ្រព្យទូទៅ ដែលនឹងត្រូវបង់ពន្ធ២០% លើចំណែក២០%នៃតម្លៃអចលទ្រព្យដែលបានលក់។ ឧទាហរណ៍ បើអ្នកលក់ដី១កន្លែងបានតម្លៃ៥០ម៉ឺនដុល្លារ នោះមិនមែនបង់ពន្ធ ២០%នៃ ៥០ម៉ឺនដុល្លារទេ គឺបង់តែ ២០% នៃចំណែក២០% នៃតម្លៃដីសរុបនោះឬ ២០% នៃ ១០

ម៉ឺនដុល្លារ។ ដូច្នេះអ្នកនឹងត្រូវបង់ពន្ធ លើប្រាក់ចំណេញមូលធននេះ២ម៉ឺនដុល្លារប៉ុណ្ណោះ។ ចំពោះការផ្ទេរអចលនទ្រព្យរវាងសាច់ញាតិ ដែលមានការលើកលែងនៅក្នុងពន្ធប្រថាប់ត្រា ក៏នឹងទទួលបានការលើកលែងលើពន្ធលើចំណេញមូលធននេះផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here