សម្តេចធិបតីបង្ហើបពីការសាងសង់អាគារខ្ពស់ជាងគេនៅរាជធានីភ្នំពេញ ស្ថិតនៅទីក្រុងកោះនរា

0

ដោយៈ ជេស៊ីកា

        ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបពីគំរោង សាងសង់អាគារខ្ពស់កប់ពពក និងជាអាគារខ្ពស់ជាងគេ នៅទីក្រុងកោះនរានាពេលអនាគត។

សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានយោងដោយខ្សែកាប តភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា កាលពីថ្ងៃទី១៥ វិច្ឆិកាកន្លងមកនេះ។

សម្តេចបានបន្តថា ការអភិវឌ្ឍនៅតំបន់កោះនរា គឺដើម្បីបែងចែកនូវផលសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋទូទៅទាំងអស់ មិនមែនសម្រា ប់តែអ្នកឧកញ៉ា ពុង ឃាវសែ ឬក្រុមមនុស្សមួយក្ដាប់តូចនោះទេ។

សម្ដេចធិបតីហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍដែលមានន័យបំផុត គឺការអភិវឌ្ឍដែលបានផលប្រយោជន៍ ទៅដល់ប្រជាពល​រដ្ឋទូទៅទាំងអស់ ហើយកោះនរានេះទៀតសោត ប្រៀបដូចជាការជប់ដីដែលត្រូវបានលុបបាត់ ហើយធ្វើឲ្យរីកឡើងវិញកាន់ខ្ពស់សម្រាប់ប្រជាពលរដ្ឋគ្រប់រូប។

សម្ដេចធិបតី នាយករដ្ឋមន្ដ្រីបានបន្តថា តំបន់កោះនរា នឹងត្រូវអភិវឌ្ឍន៍ជាបន្ដបន្ទាប់ មិនចាញ់តំបន់កោះពេជ្រនោះទេ ពោលនឹងបង្កើតទៅជាតំបន់សេដ្ឋកិច្ច ឧស្សាហកម្ម ទៅតាមអ្វីដែលបានគ្រោងទុក។

ទាក់ទងគំរោងសាងសង់អាគារកប់ពពក នៅទីក្រុងកោះនរា ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនOCIC បានបង្ហើបឲ្យដឹងថា គំរោងសាងសង់អាគារកំពស់ប្រមាណ៦០០ម៉ែត្រនេះ ត្រូវបានរៀបចំឌីសាញរួចហើយ ដោយក្រុមហ៊ុនឌីសាញដ៏ល្បីល្បាញFoster & Partnerរបស់ចក្រភពអង់គ្លេស ដែលជាក្រុមហ៊ុនបានឌីសាញ ព្រលានយន្តហោះ និងអាគារល្បីៗនៅលើពិភពលោក រួមទាំងព្រលានយន្តហោះអន្តរជាតិ តេជោ ក្រុងតាខ្មៅផងដែរ។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងធ្លាប់បានបង្ហើបឲ្យដឹងថា វាជាគំរោងដ៏អស្ចារ្យមួយនាពេលអនាគត ដែលនឹងលេចរូបរាងនៅក្បាលទីក្រុងកោះនរា ប៉ុន្តែការសាងសង់នឹងចាប់ផ្តើមនៅពេលណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។

លោកបន្តថា “ការសាងសង់អាគារនេះ លឿនឬយឺតវាអាស្រ័យ​លើស្ថានភាពសេដ្ឋកិច្ច និងទីផ្សារជាក់ស្តែងនាពេលខាងមុខ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here