រដ្ឋាភិបាលទូទាំងពិភពលោកជាប់ផុងក្នុងបំណុលរហូតដល់៣០៧ ទ្រីលានដុល្លារ

0

ដោយៈ តែម សុខុម

អន្តរជាតិៈ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលនានាទូទាំងពិភពលោក បានសម្រុកខ្ចីបំណុលច្រើន ហួសប្រមាណដើម្បីយកមកអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន ដោយសារអត្រាការប្រាក់ទាបខ្លាំង។

ការសម្រុកខ្ចីបំណុលនេះ បានធ្វើឱ្យបំណុលរបស់រដ្ឋាភិបាលនានាទូទាំងពិភពលោក កើនឡើងខ្លាំងមិនធ្លាប់មាន។ នេះបើយោងតាមសារព័ត៌មាន Wall Street Journal ចុះផ្សាយកាលពីថ្ងៃពុធ ទី១៥ ខែវិច្ឆិកា។

របាយការណ៍របស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (Institute of International Finance) ដែលបានចេញផ្សាយកាលពីអង្គារ ទី១៩ ខែកញ្ញា បង្ហាញថា បំណុលរបស់រដ្ឋាភិបាល ទូទាំងពិភពលោកបានកើនឡើង១០ទ្រីលានដុល្លារ ក្នុងឆមាសទី១ ដើមឆ្នាំ២០២៣ ដែលធ្វើឱ្យបំណុលសរុបឈានដល់៣០៧ទ្រីលានដុល្លារ។យោងតាមការវិភាគរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ទៅលើទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវ Teal Insights និងការវិភាគដាច់ដោយឡែកមួយ របស់ទីភ្នាក់ងារវាយតម្លៃគុណភាពឥណទានអាមេរិក Fitch Ratings បង្ហាញថា តាមការរំពឹងទុក រដ្ឋាភិបាលនានាទូទាំងពិភពលោក នឹងត្រូវរ៉ាប់រងបង់ការប្រាក់ដុល ចំនួន២ទ្រីលានដុល្លារ លើបំណុលរបស់ពួកគេក្នុងឆ្នាំនេះ ខណៈការហក់ឡើងនូវអត្រាការប្រាក់ បានធ្វើការខ្ចីបំណុលឡើងថ្លៃជាង១០% បើធៀបនឹងឆ្នាំ២០២២។

ក្រុមហ៊ុនស្រាវជ្រាវ Teal Insights បានគូសបញ្ជាក់ថា នៅត្រឹមឆ្នាំ២០២៧ ទំហំការប្រាក់ដែលរដ្ឋាភិបាលនានា ទូទាំងពិភពលោកត្រូវបង់ក្នុងមួយឆ្នាំ អាចកើនលើស៣ទ្រីលានដុល្លារ៕ Wall Street Journal៕

LEAVE A REPLY

Please enter your comment!
Please enter your name here